ព័ត៍មានទាន់​ហេតុការណ៏
Search

សារឿន ច័ន្ទ ជម្រះ​បញ្ជី​ជាមួយ រី ដា នៅ​លើ​សង្វៀន​TV5

សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជម្រះ​បញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ រី ដា​(Reda) ហៅ​តោក​ញ្ជា​ស់ នា​យប់​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​TV5 ព្រែកកំពឹស។​

​អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា​-​ថៃ​ពីរ​រូបនេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។​ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កាលពីពេល​កន្លងមក ដោយមាន​ឈ្នះ​មាន​ចាញ់ ។ ក្នុងនោះ គេ​ធ្លាប់​ជួប​ជាមួយ​សារឿន ច័ន្ទ បី​លើក ដោយ​វាយ​ឈ្នះ​២​លើក​ និង​ចាញ់​១​លើក។

លោក ថៃ អ៊ូ អ្នកដឹកនាំ​ប្រតិភូ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​ថា រី ដា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​ សារឿន ច័ន្ទ​ ដែរ តែ​ប្រវត្តិ​ប្រកួត​របស់​គេ គឺ​ច្រើនជាង​សារឿន ច័ន្ទ។​

រី ដា ប្រកួត​បាន​ចំនួន​ជាង​១០០​លើក ដោយ​ឈ្នះ​៨៤​លើក ចាញ់​១៥​លើក និង​ស្មើ​០១​លើក ខណៈ​ដែល​សារឿន ច័ន្ទ​ អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៨៥​លើក ឈ្នះ​៧១​ដង ចាញ់​១២​លើក និង​ស្មើ​០២​លើក។

​សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើន​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​៧​លើក និង​វាយ​សន្លប់​៧​លើក ហើយ​ចាញ់​ថៃ​១២​លើក។ ​ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​មិន​ញញើត​អ្នក​ប្រដាល់​ថៃ​នោះ​ឡើយ។

យ៉ាងណា ស្ថានភាព​ប្រកួត​របស់​សារឿន ច័ន្ទ នា​ពេល​ចុង​ក្រោយនេះ ឃើញ​ថា​ មានការ​ធ្លាក់​ចុះ ដោយសារ​គេ​ឆាប់​អស់​ស៊ុ​ហ្វ នៅ​ចុង​ទឹក។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ សារឿន ច័ន្ទ គេ​មាន​ទំនុក​ចិត្ត​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រី ដា នេះ​បាន ព្រោះថា។​ ចាំ​មើល តើ ​សារឿន ច័ន្ទ អាច​យកឈ្នះ រី ដា បាន​ឬ​អត់?។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជ​សីហ៍ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូម៉ែត្រ។​

​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស​ប្រដាល់​របស់​ពួក គេ គឺ​ថន ភឿ​ត គេ​មាន​កម្រិត​ខ្ពស់​ជាង ទាំង​តិចនិក ​និង​កលល្បិច។ ​ប៉ុន្តែ​យ៉ាងណា ថន ភឿ ត គេ​ក៏​ធ្លាប់​ភ្លាត់ស្នៀត​វាយ​ចាញ់​ពិន្ទុ លី តឿន ម្តង​ដែរ ដោយសារតែ​គេ​មើលស្រាល​ចំពោះ លី តឿន នោះ​។​

​ថន ភឿ​ត ទោះជា​យ៉ាងណា​លើក​នេះ គេ​ប្រហែលជា​មិន​ចាញ់​លី តឿន នោះឡើយ។​ លី តឿន គេ​វាយ​ខ្លាំង តែ​មិន​ច្បាស់​នោះ​ទេ។ ដូច្នេះហើយ ទើប​រាល់​ការ​ឡើង​ប្រកួត​កន្លងមក​របស់​គេ លទ្ធផល​ចាញ់​ច្រើនជាង​ឈ្នះ។​

​សៀន វិបុល អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី នឹង​ជួប​ប្រកួត​ជាមួយ​ពុទ្ធ សែម​សូ​យ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​ពុទ្ធ សែម​សូ​យ និង សៀន វិបុល នេះ មិន​ធ្លាប់​ដែល​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក។ ​ការ​ជួបគ្នា​លើក​ដំបូង​នេះ ពុំ​ដឹងថា​នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ។​

​ចំពោះ ខាំ កូន​ខ្លា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ជួប​ជាមួយ​ឡុង សុខ​លីម អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ទម្ងន់​៤៥​គីឡូក្រាម ហើយ​វុ​ធ ឆ វ័​ន្ត អ្នក​ប្រដាល់​ក្លិប​រស្មី កុមារកំព្រា ជួប​ប្រកួត​ជាមួយ សូត្រ វ៉ាន់ដា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ទម្ងន់​៦៩​គីឡូក្រាម៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114