ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ និង​បុរស​ម្នាក់ទៀត​របួសធ្ងន់​ ដោយ​សារ​រថយន្ត​បើក​បុក

ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ បាន​បែក​ក្បាល​ស្លាប់​ក្នុង​ថ្លុក​ឈាម​ និង​បុរស​ម្នាក់ទៀត​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារតែ​ត្រូវ​រថយន្ត​កូរ៉ូឡា​ ដែល​បើក​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន ​បុក​ពេញ​ទំហឹង​ ត្រង់​ភ្លើងស្តុប បណ្ដាល​ឲ្យ​ប៉ើង ​និង​បុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​អ្នកបើកបរ​រូប​នោះ​ក៏​ប្រញាប់​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ភ្លាមៗ​ផង​ដែរ។

ហេតុការណ៍​គ្រោះថ្នាក់​រន្ធត់​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ម៉ោង5និង15 នាទី ​ព្រឹក​ថ្ងៃទី12 ខែមិថុនា ​ឆ្នាំ 2019 ចំណុច​ខាងមុខ​សាលា​ចតុមុខ​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ បាន​ឲ្យ​ដឹងថា​ នៅ​វេលា​កើតហេតុ​ គេ​ឃើញ​ជនរងគ្រោះ​ទំនងជា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ដែល​ប្ដី​ជា​អ្នកបើក​ម៉ូតូ​ ប្រពន្ធ​រួម​ដើរ​ខាង​ក្រោយ​ បានធ្វើ​ដំណើរ​តាមផ្លូវ​លេខ 214 ពី​ទិសដៅ​ខាង​លិចទៅ​កើត​ លុះដល់​ភ្លើងស្តុប​កែង​ផ្លូវ​នរោត្តម ​បាន​បើក​បត់​ឆ្វេង​ គាប់​ជួន​ពេលនោះ​មាន​រថយន្ត​កូរ៉ូឡា​ពណ៌​ក្រហម​ ស៊េរី​ចាស់ 1 គ្រឿង​ដែល​បើក​បោះពួយ​តាម​បណ្ដោយ​ផ្លូវ​នរោត្តម​ ពី​វិមានឯករាជ្យ​ ឆ្ពោះ​មក​ជើង លុះ​មកដល់​កន្លែង​កើតហេតុ​ ក៏បាន​បុក​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​ពេញទំហឹង​ បណ្ដាលឲ្យ​ស្ត្រី​ដែល​អង្គុយ​ខាង​ក្រោយ​ត្រូវ​ប៉ើង​ខ្ទាត​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​បង្កហេតុ​បែក​ក្បាល​ស្លាប់​ក្នុង​ថ្លុក​ឈាម​បើទោះបី​ពួកគាត់​ទាំងពីរ​នាក់​នោះ ​បាន​ពាក់មួក​សុវត្ថិភាព​ការពារ​ក៏ដោយ​នោះ​។​ ចំណែក​បុរសរង​គ្រោះ​ប្តី​វិញ ​ត្រូវ​ប៉ើង​ខ្ទាត​ចេញពី​កន្លែងកើតហេតុ​ ប្រហែល​ជាង​៥​ម៉ែ​ត្រ ទៅ​កណ្តាលផ្លូវ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែម្តង​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា អ្នកបើករថយន្ដ​បង្កហេតុ​ពេលដែល​ឃើញ​សុភាព​បែប​នោះ​ហើយ ក៏​ប្រញាប់​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត គេចខ្លួនបាត់​ក្នុងពេលនោះ​ផងដែរ​។ ​បន្ទាប់មក ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង​បោះដៃ​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​ខាង​ប្តី​ដែល​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ បន្ទាប់មក​កម្លាំង​មូលដ្ឋាន​ក៏បាន​បោះដៃ​ហៅ​កម្លាំង​ផ្នែក​ជំនាញ​នៃ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ឲ្យ​មក​ចុះ​វាស់វែង​យក​រថយន្ត​បង្កហេតុ ​រួមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ ​ព្រមទាំង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ​ហេតុការណ៍​គ្រោះថ្នាក់​នោះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A 67 06 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួនបាត់​។​ចំណែក​ភាគី​រងគ្រោះ​ទាំងពីរ​នាក់​ប្រុស​និង​ស្រី​នោះ ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​គី​ឡែ​ត​ ពណ៌​ស បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ និង​ស្លាប់​ម្នាក់។

សមត្ថកិច្ច​បញ្ជាក់ទៀតថា​ ជនរងគ្រោះ​មានឈ្មោះ​ នាង លាប​ភា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ ម្តុំ​បាក់​ទូក មាន​ស្រុកកំណើត​នៅ ខេត្ត​បាត់ដំបង​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) រីឯ​ជនរងគ្រោះ​អ្នក​បើក​ម៉ូតូ​ឈ្មោះ ណាត់ វិចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ម្ដុំ​បាក់​ទូក​ជាមួយគ្នា មាន​មុខរបរ​ចុងភៅ​ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​កំពុង​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​៕

ដោយ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114