ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់​ទម្ងន់​៦០​គីឡូក្រាម​៤​រូប ជួប​ប្រកួត​គ្នា​ដណ្តើម​រង្វាន់​ប្រាក់​លាន​បាយ័ន​

•ភួង ពិសិដ្ឋ ជួប ហេង ស​ភ័​ក្រ

អ្នក​ប្រដាល់​៤​រូប នឹង​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មិថុនា ឆ្នាំ​​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន អេ​លី​ត កែវ​ឡុង មកពី​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​, ជ័យ ស៊ី​នេ​ត ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់​, កំពែង ខ្មៅ ក្លិប​អេ​ភូ​ថង​កីឡា និង មាស សារ៉ាក់ ក្លិប​អាណាចក្រ​គុន​ខ្មែរ។​

​ពួកគេ​ទាំង​៤​នាក់​នេះ ត្រូវ​ប្រកួត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​អ្នកឈ្នះ​ម្ចាស់​ពានរង្វាន់​ក្នុងពេល​តែមួយ។​

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ជាការ​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុង​ដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​

គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ប៉ុណ្ណោះ។​

​សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ គឺ​អេ​លី​ត កែវ​ឡុង នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ជ័យ ស៊ី​នេ​ត ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ​ពួកគេ​ទាំងពីរ​ម្នាក់​ជា​អ្នក​ប្រដាល់​ជើង​ថ្មី និង​ម្នាក់​ជា​អ្នក​ប្រដាល់​ជើងចាស់ ។ ដូច្នេះ​ការជួបគ្នា​លើក​នេះ ជា​ការជួប​លើកដំបូង​សម្រាប់​ពួកគេ​ទាំងពីរ។

​បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស និង កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា អេ​លី​ត កែវ​ឡុង អាច​វាយ​ឈ្នះ​ជ័យ​ស៊ី​នេ​ត នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិនទាន់​ប្រាកដថា ស៊ី​នេ​ត​ឈ្នះ​ឬ​កែវ​ឡុង​ឈ្នះ​នោះទេ។

​ចំពោះ កំពែង ខ្មៅ ដែលជា​អ្នក​ប្រដាល់​ជើងចាស់​នោះ នឹង​ជួប​ជាមួយ​មាស សារ៉ាក់ ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ។ រវាង​ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ កំពែង ខ្មៅ ទំនងជា​មិនអាច​ឈ្នះ​មាស សារ៉ាក់ នោះឡើយ​ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ។​

​មាស សារ៉ាក់ មានប្រៀប​លើ​កំពែង ខ្មៅ ត្រង់​គេ​វាយ​ខ្លាំង​ជាង និង​មាន​កលល្បិច​ច្រើន​ក្នុងការ​ផ្តួល​គូប្រកួត ពិសេស​គេ​មាន​ស្នៀត​កណ្តាប់ដៃ​ខ្លាំង​និង​ធ្ងន់ ដែល​ធ្វើឲ្យ​ កំពែង ខ្មៅ ពិបាក​ទប់ទល់។​

​​កំពែង ខ្មៅ ចង់​ឈ្នះ​មាស សារ៉ាក់ នោះ គឺ​មានតែ​វិធី​ម្យ៉ាង​គត់ គឺ​ត្រូវ​សម្រុកចូល​វាយ​សន្ធាប់​តែម្តង ទើប​អាចមាន​ផ្លូវ​ឈ្នះ​កើត។ ព្រោះ​មាស សារ៉ាក់ បច្ចុប្បន្ននេះ​មិន​ខ្លាំង​ដូច​ពីមុន​នោះទេ គេ​អន់​កម្លាំង​កាយសម្បទា នៅពេលដែល​គូប្រកួត​វាយ​បុក​មក​ខ្លាំង​និង​ញាប់​ពេក សារ៉ាក់ ត្រូវ​បាត់​ភាពម្ចាស់ការ ក្នុងការ​ការពារ​ខ្លួន ដែល​ហ្នឹងហើយ​ជា​ឱកាស​សម្រាប់​កំពែង ខ្មៅ ដើម្បី​យកឈ្នះ​លើ​មាស សារ៉ាក់ នោះ។ ​ចាំមើល មាស សារ៉ាក់​អាច​យកឈ្នះ​កំពែង ខ្មៅ បាន​ឬ​អត់?។

​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ ក្នុងចំណោម​អេ​លី​ត កែវ​ឡុង​, ជ័យ ស៊ី​នេ​ត​, កំពែង ខ្មៅ និង មាស សារ៉ាក់ ។ តែ​យ៉ាងណា ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​រូបនេះ អ្នក​ដែល​គេ​រំពឹងទុក​ថា នឹង​អាច​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ គឺ​អ្នក​ប្រដាល់ ជ័យ ស៊ី​នេ​ត និង មាស សារ៉ាក់។​

​ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​វិញ​នោះ ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​ហេង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម។ សម្រាប់​ការជួបគ្នា​រវាង​គូ​នេះ បើតាម​ការសន្និដ្ឋាន​និង​វាយតម្លៃ​នោះ ហេង សុ​ភ័​ក្រ ប្រហែលជា​មិនអាច​ទប់​ជាមួយ​កណ្តាប់ដៃ​របស់​ភួង ពិសិដ្ឋ បាន​នោះឡើយ?៕

ដោយ ៖ ​វិ​សិទ្ធ​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114