ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ការប្រកួត​ជា​ផ្លូវការ​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំ​២០១៩

ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games)​លើក​ទី​១ បាន​ចាប់ផ្តើម​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

លោក ស សុខា រដ្ឋលេខាធិការ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ការប្រកួត​នេះ។​

​ការប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា​(National School Games) ដែល​បណ្ដា​ឆ្នាំ​កន្លង​មក​ការប្រកួត​បែបនេះ មានតែ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់ និង​វាយ​កូនឃ្លី​លើ​តុ​តែប៉ុណ្ណោះ។ តែ​សម្រាប់​ឆ្នាំ​២០១៩ នេះ កីឡា​ចំនួន​១១​ប្រភេទ​ត្រូវ​បាន​ដាក់​ឲ្យ​មាននៅ​ក្នុង​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ។​

​កីឡា​ទាំង​១១​ប្រភេទ ដែល​ដាក់​ឲ្យ​មាននៅ​ក្នុង​ការប្រកួត​ឆ្នាំ​ដំបូង​នេះ មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់​ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយ​កូនឃ្លី​លើ​តុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​កា​រា​តេ​-​ដូ កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) ដែលជា​ប្រភេទ​តេ​ក្វាន់​ដូ​របស់​កូ​រេ​ខាងត្បូង និង​តេ​ក្វាន់​ដូ​ITF(International TaekwonDo Federation) ដែលជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូរ​បស់​កូ​រេ​ខាងជើង។​

​​លោក ស សុខា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) នេះ ក្នុង​គោលបំណង​អនុវត្ត​នយោបាយ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​រចនា​សម្ព័ន្ធ​ប្រកួត ដើម្បី​ត្រៀម​ឆ្ពោះទៅ SEA GEAMS ឆ្នាំ​២០២៣ ព្រមទាំង​រៀបចំ​ការប្រកួត​ឲ្យ​ស្រប​ទៅ​នឹង​រចនាសម្ព័ន្ធ​ការប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា​សិស្ស​អាស៊ាន កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​កីឡា​សាកលវិទ្យាល័យ​ពិភពលោក​។​

​លោក​បាន​បន្តថា ដំណាក់កាល​នៃ​ការបណ្តុះបណ្តាល​មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស ព្រមទាំង​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ដែល​ល្អៗ សម្រាប់​ជា​ថ្នាល​ត្រៀម​បម្រុង​សម្រាប់ SEA GEAMS ឆ្នាំ​២០២៣ ហើយ​បំផុសសកម្មភាព​អប់រំ​កាយ និង​កីឡា​កីឡា​នៅក្នុង​គ្រឹះស្ថានសិក្សា និង​នៅតាម​រាជធានី​-​ខេត្ត និង​ជួយ​ឲ្យ​សិស្ស​មាន​សុខុមាល​ភាពល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម​វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​តស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើមបាន​លទ្ធផល​ល្អប្រសើរ​លើ​ការប្រកួត ទទួលបាន​លទ្ធផល​ការសិក្សា​ល្អ និង​ជីវភាព​រស់នៅ​សុខដុមរមនា​។​

​លោក​រដ្ឋលេខាធិការ​បន្ថែម​ទៀតថា លើកទឹកចិត្ត​ដល់​អ្នកលេង​កីឡា និង​អ្នក​ដែលមាន​ឧបនិស្ស័យ ដើម្បី​ជ្រើសរើស​ជា​កីឡាករ​-​កីឡាការិនី​ថ្នាល​ល្អៗ​ចូលក្នុង​ក្រុម​ជម្រើសជាតិ ចូលរួម​ក្នុងការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ SEA GEAMS ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

លោក​បាន​អះអាងថា ការហ្វឹកហាត់​អប់រំ​កាយ និង​កីឡា​គឺជា​សិទ្ធិ​មូលដ្ឋាន​សម្រាប់​ទាំងអស់គ្នា​។ ជាទូទៅ​ការអប់រំ​កាយ និង​កីឡា ជា​ធាតុ​សំខាន់​នៃ​ការអប់រំ​ពេញ​មួយជីវិត​នៅក្នុង​ប្រព័ន្ធ​អប់រំ។ ចំពោះ​ការអប់រំ​កាយ ​និង​កីឡា​ធានា​ការអភិវឌ្ឍ និង​រក្សា​ការពារ​កម្លាំងកាយ បញ្ញា ស្មារតី និង​សីលធម៌​របស់​មនុស្សលោក​។ វិស័យ​អប់រំ​កាយ និង​កីឡា បានរួម​ចំណែក​លើកកម្ពស់​សុខភាព និង​សុខុមាល​ភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ​ក្នុង​សង្គម ជាអាទិ៍​ការ​ប្រើ​ប្រាស់​គ្រឿងញៀន។​

សូមបញ្ជាក់ថា តាម​គម្រោង​កម្មវិធី​ដែល​បានគ្រោង​ទុក​នោះ ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ (National School Games)​លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​រយៈពេល​១០​ថ្ងៃ ដោយ​ត្រូវ​បិទ​បញ្ចប់​នា​ថ្ងៃ​ទី​១៩​មិថុនា​ខាងមុខ៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114