ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​អបអរសាទរ​ខួប​លើក​ទី​១២ ទិវា​អតីត​យុទ្ធជន​កម្ពុជា ២១​មិថុនា ​២០០៧ -២១ មិថុនា​២០១៩

កំពត​ ៖ នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តកំពត បាន​ប្រារព្ធ​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពត នៅ​សាលាស្រុក​អង្គរជ័យ​។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ អង្គភាព ចំណុះ​សាលាខេត្ត បង ប្អូន អុំ ពូ មីង អតីតយុទ្ធជន សរុប​ប្រមាណ​៤៨០នាក់​។​

ក្នុងឱកាស​ដ៏​មាន​អត្ថន័យ​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា ផ្តើមចេញពី​ការអនុវត្ត គោលនយោបាយ​ឈ្នះ ឈ្នះ ប្រកបដោយ​ជោគជ័យ​របស់​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​ភាគី​ទាំងអស់ ត្រូវបានធ្វើ​សមាហរណកម្ម​ទៅក្នុង​កង​យោធពលខេមរភូមិន្ទ កង​នគរបាលជាតិ និង​អតីតយុទ្ធជន​តែមួយ ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា​ទទួលបាន​ការឯកភាព​ជាតិ មាន​សុខសន្តិភាព គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​ទាំងមូល ដែល​ធ្វើ​ឲ្យ​ប្រជាជន និង​អតីតយុទ្ធជន​គ្រប់រូប ចងចាំ​ជានិច្ច នូវ​វីរភាព​ក្នុងការ​ការពារ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

ជាក់ស្តែង​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​ដល់​អតីតយុទ្ធជន ពិសេស​ការ​អនុវត្ត​គោលនយោបាយ​អតីត​យុទ្ធជន ដោយ​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន ដោយ​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព ទាំង​ស្មារតី និង​សម្ភារៈ ថវិកា ជា​បន្តបន្ទាប់​។ ពិសេស ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ និង​យុវ​នីតិសម្បទា សហការ​ជាមួយ ធនាគារ​ដៃគូ បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​ប្រើប្រាស់​បើកប្រាក់​តាម​ប្រព័ន្ធ​ធនាគារ (​អេ ធី អឹម​) និង​បានផ្តល់​ប័ណ្ណ ប​.​ស​.​ស ជូន​ដល់​អតីតយុទ្ធជន ដើម្បី​ជា​ប្រយោជន៍ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​មិន​បង់ប្រាក់​។

បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច កសាង​លំនៅដ្ឋាន​ជូន​អតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ និង​គ្រួសារ ព្រមទាំង​បាន​បង្កើត​នូវ​គម្រោង​ជាច្រើន ដើម្បី​កែលំអ​ជីវភាព​របស់​យោធិន និង​អ​តី​យុទ្ធជន ពិសេស​នៅ​ខេត្ត​កំពត មាន​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​តា​កែន កោះ​ស្លា ស្ថិតនៅ​ស្រុក​ឈូក​។

លោក​អភិបាលខេត្ត ​បាន​ឧបត្ថម្ភ​ដល់​អតីតយុទ្ធជន និង​យោធិន​ទាំង​៤៣៥​នាក់ ក្នុង​ម្នាក់ៗ​២០.០០០ រៀល ស្មើនឹង​៨.៧០០.០០០​រៀល​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114