ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​

សិង្ហបុរី ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស​ស្នាន់ (Vivian Balakrishnan) រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សិង្ហបុរី​នៅ​រសៀល​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​។​

ក្នុងជំនួប​នេះ លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស​ស្នាន់ (Vivian Balakrishnan) បាន​សម្ដែង​ការ​អបអរសាទរ​ជូន​ចំពោះ​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​អគ្គ​មេបញ្ជាការរង ​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។

លោក​បាន​បន្តថា ប្រទេស​សិង្ហបុរី និង​ប្រទេស​កម្ពុជា ជា​មិត្ត​ចាស់ និង​មានការ​ទំនាក់ទំនង ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

លោក​បញ្ជាក់ថា ប្រទេស​ទាំងពីរ ត្រូវតែ​សហការគ្នា​ទាំង​ក្នុង​កម្រិត​ទ្វេភាគី និង​ក្នុងនាម​សមាជិក​អាស៊ាន​ក្នុងការ​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​យោបល់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សិង្ហបុរី ដែល​បានបញ្ជាក់​ពី​សារសំខាន់​ នៃ​កិច្ច​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ការ​រក្សាសន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​បន្ថែមថា សហគមន៍​អាស៊ាន​ត្រូវតែ​នៅ​ជា​ធ្លុង​មួយ ដើម្បី​ការ​អភិវឌ្ឍ ការរីកចម្រើន វិបុលភាព និង​និរន្តភាព​ក្នុង​តំបន់​។ លោក​ឧត្ដមសេនីយ៍​ឯក​បន្តថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​បន្ត​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114