ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​ប្រឈម​ការផ្គត់ផ្គង់​ផ្លែស្វាយ​លើស​តម្រូវការ​ដល់​ទៅ​២​លាន​គីឡូ

តម្លៃ​ផ្លែស្វាយ​ក្នុងប្រទេស​ហ្វីលីពីន ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ព្រោះ​ប្រទេស​នេះ ​ត្រូវ​ប្រឈមមុខ​នឹង​ការផ្គត់ផ្គង់​លើស​តម្រូវការ​ផ្លែឈើ​ដល់​ទៅ​២​លាន​គីឡូក្រាម​ឯណោះ​។​

​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​លោក​Emmanuel Pinol បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ទិន្នផល​ផ្លែឈើ​កើនឡើង​ដោយសារ​បាតុភូត​El Nino តែងតែ​កើតមានឡើង​នៅ​រៀងរាល់​៣​ទៅ​៤​ឆ្នាំ​ម្ដង​។​

​បាតុភូត El Nino អាច​បណ្ដាលឱ្យមាន​ទាំង​គ្រោះទឹកជំនន់​និង​គ្រោះរាំងស្ងួត​ក្នុង​ផ្នែក​ខុសៗ​គ្នា​លើ​ភពផែនដី​ហើយ​វា​មាន​ទាក់ទង​នឹង​អាកាសធាតុ​ក្ដៅ​ស្ងួត​សម្រាប់​តំបន់​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោក​រដ្ឋលេខាធិការ​ត្រូវបាន​ស្រង់​សម្ដី​ដោយ​កាសែត Manila Times ថា “​នេះ​គឺជា​បាតុភូត El Nino ដែល​ត្រូវបាន​គេ​ហៅថា​ជា​បាតុភូត​ដី​ទំនេរ​ដែល​ដី​ដាំ​ដំណាំ​ត្រូវ​សម្រាក​មួយរយៈ​ព្រោះតែ​កម្ដៅ​ក្ដៅ​ខ្លាំង​ហើយ​និង​មាន​ភ្លៀង​ធ្លាក់​ភ្លាមៗ​ដែល​បណ្ដាលឱ្យ​ទិន្នផល​ដំណាំ​មានការ​កើនឡើង​។​”

​លោ​កថា​តម្លៃ​ផ្លែឈើ​បាន​ធ្លាក់ចុះ​ទាប​ដល់​២០​ប៉េ​ស៊ូ (០,២០​ដុល្លារ​) ក្នុង​មួយ​គីឡូ​លើ​កោះ​Luzon និង​ខេត្ត​ផ្សេងទៀត​ដូចជា Mindanao ជាដើម​។ ​បច្ចុប្បន្ន​ចំនួន​ផ្លែស្វាយ​ដែល​លើស​តម្រូវការ​ផ្គត់ផ្គង់​មាន​ដល់​ទៅ​ប្រហែល​២​លាន​គីឡូក្រាម​ក្នុង​ខេត្ត​ដែន​កោះ Luzon ហើយ​បរិមាណ​ដែល​លើស​ដ៏​ច្រើន​នេះ​ក៏​ធ្លាប់មាន​ម្ដង​ក្រោយពី​បាតុភូត El Nino កាលពី​ឆ្នាំ​២០១៥​និង​២០១៦ ដែរ​។​

​ជាមួយគ្នានេះ​រដ្ឋាភិបាល​ហ្វីលីពីណ​បាន​បើក​យុទ្ធនាការ​មួយ​ជួយ​គាំទ្រ​កសិករ​ដាំ​ស្វាយ​ក្នុងស្រុក​ក្នុង​គោលបំណង​លក់​ចេញ​ឱ្យបាន​ហោចណាស់​១​លាន​គីឡូក្រាម​ត្រឹមតែ​មិថុនា​នេះ​មុនពេល​ផ្លែឈើ​ទាំងនោះ​ស្អុយរលួយ​អស់​៕ CNA

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114