ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ស ខេង ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​លាងលុយកខ្វក់​ឲ្យ​បាន​ខ្លាំង​ក្លា ខណៈ​ដែល​កម្ពុជា​ត្រូវ​គេ​ចាត់ទុកថា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ​

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បញ្ជា​ដល់​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​ទាំងអស់ ត្រូវខិតខំ​បង្ក្រាប​បទល្មើស​លាង​លុយ​កខ្វក់​ឲ្យ​បាន​ខ្លាំងក្លា ខណៈ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ប្រទេស​ពណ៌​ប្រផេះ​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កន្លងមក​ថ្មីៗ​នេះ កម្ពុជា ធ្លាប់​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​នូវ​ការ​នាំចូល​លុយ​ដ៏​ច្រើន​លើសលប់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ផងដែរ​។ សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ដូច្នេះ​ថា «​រឿង​លាង​លុយ ឥឡូវ​នេះ​ កម្ពុជា ត្រូវ​គេ​ចាត់ទុកថា ជា​ប្រទេស​ប្រផេះ ចឹង​គេ​ឃ្លាំមើល ព្រោះ​មួយ​ជំហាន​ទៀត​វា​នឹង​ទៅ​ខ្មៅ បើសិនណា​យើង​មិន​យកចិត្តទុកដាក់​។ សម្ដេច​ក្រឡា​ហោម​យល់ថា អ្នក​ឃុបឃិត​រកស៊ី​រឿង​នេះ បាន​មានតែ​មនុស្ស​មួយ​ក្រុម​ទេ ប៉ុន្តែ​បើ​ងាប់ គឺ​ងាប់​ប្រទេស​និង​ប្រជាជាតិ​។ បើ​ថ្ងៃ​ណាមួយ​គេ​ចាត់​ទុក​ថា កម្ពុជា​ ជា​ប្រទេស​ខ្មៅ​លាង​លុយ​ចប់ ដែល​ប្រឈម​នឹង​ការ​លំបាក​»​។​

សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ទៀត​ថា ប្រសិនបើ​ស្រាវជ្រាវ​រក​ឃើញ​មាន​បទល្មើស​នេះ ត្រូវ​រាយ​ការណ៍​ភ្លាម​ទៅ​សម្ដេច​ផ្ទាល់ ដើម្បី​មាន​វិធានការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង​តែម្ដង​។

សម្ដេច​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុងឱកាស​នោះ ​ក៏បាន​ក្រើនរំលឹក​ផង​ដែរ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នេះ គឺ​ពិត​ជាមាន​ល្បិច​ខ្ពស់​ណាស់ ដូច្នេះ​ហើយ​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ ពិសេស អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ករណី​នេះ​។​

ការ​ដាក់​បទបញ្ជា​បែបនេះ​របស់​ សម្ដេច​ក្រឡា​ហោម ស ខេង បាន​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បាន​ប្រកាស លោកប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដោយមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៧​រូប​៕​

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114