ព័ត៍មានទាន់​ហេតុការណ៏
Search

Huawei ថា​ដាក់​គោលដៅ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរ​ស័ព្ទ​កំពូល​របស់​ពិភពលោក​ថ្ងៃ​ណាមួយ​

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei Technologies Co Ltd នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ពិភពលោក​ដែល​នេះ​ជា​គោលដៅ​មួយ​ដែល​ធ្លាប់​មានបំណង​សម្រេច​ឱ្យបាន​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំនេះ​។ នេះ​បើតាម​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​មួយរូប​របស់​ក្រុមហ៊ុន​នេះ​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​លោក Shao Yang ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Huawei Consumer Business Group បាន​និយាយ​ដោយ​មិនបាន​បញ្ជាក់​មូលហេតុ​ថា “​យើង​មាន​គម្រោង​ថា ​នឹង​ក្លាយជា​ក្រុមហ៊ុន​ធំ​បំផុត​ត្រឹម​ត្រីមាស​ទី​៤​ឆ្នាំនេះ ប៉ុន្តែ​ពេលនេះ​យើង​មាន​អារម្មណ៍​ថា ត្រូវការ​ពេល​ច្រើនជាង​នេះ​។​”

​លោក Shao បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា CES Asia ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សៀង​ហៃ​ថា​ក្រុមហ៊ុន Huawei បច្ចុប្បន្ន​នេះ​លក់បាន​ស្មា​ត​ហ្វូ​ន​ពី​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​គ្រឿងក្នុង​មួយថ្ងៃ​។

​ការលើកឡើង​នេះ​ធ្វើឡើង​ក្រោយពី​សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ចូលទៅក្នុង​បញ្ជីខ្មៅ ដែល​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​លែងឱ្យ​រកស៊ី​ជាមួយ ដោយ​យក​ហេតុផល​សន្តិសុខ​ជាតិ និង​បាន​ញុះញង់​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិភពលោក​មួយ​ចំនួន​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ដ៏​ធំ​មួយ​នេះ​ទៀត​ផង​។​

​កាលពី​ខែមករា Huawei បានឱ្យដឹង​ថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ក្នុង​ពិភពលោក​ក្នុងឆ្នាំនេះ ទោះបីជា​គ្មាន​ទីផ្សារ​អាមេរិក​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា Huawei គឺជា​ក្រុមហ៊ុន​លំដាប់​ទី​២​ក្នុង​ត្រីមាស​ទី​១​នេះ​ដែល​ស្ថិតនៅ​ពីក្រោយ​ក្រុមហ៊ុន Samsung Electronics Co Ltd របស់​កូរ៉េខាងត្បូង​។ តាម​ការប៉ាន់ស្មាន​រប​ស់​ក្រុមហ៊ុន​អ្នកវិភាគ​ថា ទណ្ឌកម្ម​របស់​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ នឹង​ទម្លាក់​ចំនួន​នៃ​ការដឹកជញ្ជូន​ស្មា​ត​ហ្វូ​ន​របស់ Huawei កាន់តែខ្លាំង​ក្នុង​ត្រីមាស​ណាមួយ​ឆ្នាំនេះ និង​អាច​បណ្ដាលឱ្យ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​នេះ​បាត់​មុខ​ពី​ទីផ្សារ​ក្រៅប្រទេស​ទៀតផង​៕REUTERS

ដោយ ៖ តរុណី


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114