ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​កម្ពុជា ជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់ ​រួមគ្នា​ប្រយុទ្ធ​ទៅ​នឹង​ព័ត៌មាន​ក្លែងបន្លំ​ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​

សៀមរាប ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ជំរុញ​ឲ្យ​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ក្របខណ្ឌ​ក្នុង​តំបន់ និង​សកលលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ​ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា។​

សម្តេច ​ប្រកាស​ដូច្នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​នៃ​ពិធី​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ស្តីពី​ឌីជីថល​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ផ្តោតលើ​ទីផ្សារ​កំពុង​អភិវឌ្ឍ (Media Digitization: Focusing on Deve-loping Markets) ដែល​រៀបចំ​ធ្វើឡើង​នៅ​ខេត្តសៀមរាប។​

​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​បានធ្វើការ​កត់​សំគាល់​ថា ចរន្ត​នៃ​ការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង បច្ចេកវិទ្យា​ទំនើប​ បានប្រែក្លាយ​ឌីជីថល​ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ទី​៤​ ដែលជា​កត្តា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​វិស័យ​ផ្សេងៗ​ទៀត ជាមួយនឹង​ការ​បង្កើត​ឡើង​នូវ​កាលានុវត្តភាព និង​អត្ថប្រយោជន៍ ដូចខាងក្រោម ៖

​ទី​១.​បច្ចេកវិទ្យា ឌីជីថល បាន​ជំនួស​ការប្រើប្រាស់​បច្ចេកវិទ្យា​ឤណា​ឡូ​ក ប្រកបដោយ​សក្ដានុពល ដើម្បី​បង្កើន​គុណភាព ប្រសិទ្ធភាព ដូចជា​សំឡេង រូបភាព ល្បឿន នៃ​ការបញ្ជូន​ទិន្នន័យ ការ​រក្សាទុក​ទិន្នន័យ ការ​សន្សំសំចៃ​ នៃ​ការប្រើប្រាស់ រលក​ឤ​កាស វិទ្យុ ការកាត់បន្ថយ​ចំណាយ​ផលិតកម្ម ការបង្កើន​ផលិតភាព សំបូរបែប ក្នុង​វិស័យ​ឧស្សាហកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និង​ការទទួល ព័ត៌មាន តាម​មធ្យោបាយ​ដ៏​សំបូរបែប ។ ជាមួយគ្នានេះ កម្ពុជា​បាននិង​កំពុង​រៀបចំ​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ទូរទស្សន៍​ពី​ឤ​ណា​ឡូ​ក ទៅ ឌីជីថល ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​នៃ​ការវិវត្តន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ឌីជីថល ក្នុង​តំបន់ និង​សកលលោក ព្រមទាំង​ការសិក្សា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្សេងៗ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ចេញពី​ការប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ។​

​ទី​២.​បច្ចេកវិទ្យា ឌីជីថល បាន​រួម​បញ្ចូល​គ្នា​រវាង​វិស័យ​ទូរគមនាគមន៍ និង​ប្រព័ន្ធ ផ្សព្វផ្សាយ ហើយ​បង្កើត​បាន​នូវ​សក្ដានុពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ឌីជីថល និង​ បណ្តាញ​ទំនាក់ទំនង ជា​សកល​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម មាន​ហ្វេ​ស​ប៊ុ​ក (Facebook) យូ​ធូប​(YouTube) វី​ឆាត (WeChat) តេ​ឡេ​ក្រាម (Telegram) ធ្វី​ត​ធ័​រ (Twitter) ជាដើម ដែល​បង្កើន​សក្តានុពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង ការតភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយ​របាំង​ទីផ្សារ បង្កើត​ឱកាស​ឲ្យ​វិស័យ​ឯកជន និង​សហ​គ្រិន​ដើម្បី​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរកិច្ច​ថ្មីៗ។​

​ទី​៣.​បច្ចេកវិទ្យា​ឌីជីថល បានធ្វើឲ្យ​ការគ្រប់គ្រង​ប្រទេស​ក្លាយទៅជា​រដ្ឋាភិបាល​ឌីជីថល​ក្នុងការ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ឌីជីថល ការលើកកម្ពស់​គុណភាព​ប្រសិទ្ធភាព​ នៃ​សេវាសាធារណៈ​ប្រកប​ដោយ​គណនេយ្យភាព តម្លាភាព និង​ការ​តភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ផ្ទៃក្នុង និង​សកលលោក​ទាំង​មូល។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ក៏ប៉ុន្តែ​ការ​រីកចម្រើន ​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បានផ្តល់​គុណវិបត្តិ​ផ្សេងៗ​ដែល​ធ្វើឲ្យ​​សកលលោក​កំពុង​ប្រឈម​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ ការ​ញុះញង់ បញ្ឆេះ​កំហឹង ការជេរប្រមាថ ដោយ​ការ​ស្អប់ខ្ពើម​ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ដូចជា​ការ​ហែក​ចូល​បំផ្លាញ​ឯកសារ​សាធារណៈ ការ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ការរំលោភ​លើ​សិទ្ធិ​បុគ្គល ជាដើម បាននិងកំពុង​គំរាម​ដល់​សន្តិសុខ​តំបន់ ​និង​សកលលោក​ទាំងមូល។ ដូច​ច្នេះ​តម្រូវឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ក្របខណ្ឌ​ក្នុង​តំបន់​និង​សកលលោក ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែង​បន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ។​

​កម្ពុជា​ កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅក្នុង​ទីក្រុង​អរិយធម៌ និង​បេតិកភណ្ឌ​វប្បធម៌។

ព្រឹត្តិការណ៍​នេះ​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​១០ ​ដល់​ថ្ងៃទី​១៤ ខែមិថុនា ការសិក្សា​លើ​វិស័យ​បច្ចេកវិទ្យា​កិច្ចពិភាក្សា​លើ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការ​វិវិត្ត​ នៃ​វិស័យ​សារព័ត៌មាន​ក្នុងសម័យ​បដិវត្ត​ឧស្សាហកម្ម​នៃ​បញ្ញាញាណ​សប្ប​និម្មិត។

កិច្ចប្រជុំ​អន្តរជាតិ​នេះ​ ត្រូវបាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Asia Pacific Institute for Broadcasting Developpment, AIBD)​។​

​ទាំង​ប្រតិភូ​អ្នកសារព័ត៌មាន​បរទេស ​ទាំង​អ្នកកាសែត​កម្ពុជា និង​ភ្ញៀវ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​ជាង​៦០០​នាក់ ​មកពី​ជាង​៤០​ប្រទេស ​កំពុងមាន​វត្ត​មាននៅ​ក្នុង​សន្និសីទ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា​នេះ​។

បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប្រតិភូ​បរទេស​ ដែលជា​អ្នកសារព័ត៌មាន ​និង​អ្នក​ជំនាញ​នានា ​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​ ដែល​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ​មាន​ជាង ២៥០​រូប​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល ​៖​ ការផ្តោត​ទៅលើ​ការអភិវឌ្ឍ​ទីផ្សារ​»​។

សន្និសីទ​កំពូល​នេះ មាន​ប្រធានបទ​សំខាន់ៗ​ចំនួន​៨ ដែល​ត្រូវ​បានកំណត់​ជា​ប្រធានបទ​ពិភាក្សា​ក្នុង​ចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ដូចជា​៖ ការ​សម្រប​វិស័យ​សារព័ត៌មាន​ទៅនឹង​បច្ចេកវិទ្យា​ឌីជីថល ការស្វែងរក​ចំណូល​និង​ការប្រកួតប្រជែង​រវាង​សារព័ត៌មាន​បុរាណ​និង​ទំនើប ការរក្សា​ឯកសារ និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ជាដើម​។​

​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍​ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍​ និង​បុគ្គលិក​បម្រើការ​ងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​ស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អំឡុង​ពេល​ នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​។

​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បានលើកឡើង​ផងដែរ​ថា ការដែល​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​សន្និសីទ​កំពូល​លើ​វិស័យ​ព័ត៌មាន​នេះ គឺជា​កិត្តិយស​ និង​សេចក្ដី​រីករាយ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា ​និយាយ​ជារួម និង​សម្រាប់​ក្រសួង​ព័ត៌មាន​និយាយ​ដោយឡែក​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤ នៅក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​រហូតដល់​ឆ្នាំ​២០០៨ ។ បន្ទាប់មក សន្និសីទ​កំពូល​នេះ​ត្រូវបាន​រៀបចំ​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​ម៉ា​កាវ ឥណ្ឌូនេស៊ី ថៃ វៀតណាម អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌា និង​ចុង​ក្រោយ​នេះ​នៅក្នុង​ខេត្តសៀមរាប​ប្រទេស​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​កិច្ចពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ​ ប្រតិភូ​សារព័ត៌មាន​បរទេស​ នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សារមន្ទីរ​សន្តិភាព ​នៃ​សកម្មភាព​កម្ចាត់​មីន​រប​ស់​ស៊ីម៉ាក់ និង​ប្រាសាទ​អង្គរ​ផងដែរ៕

ដោយ ៖ ណា រី​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114