ព័ត៍មានទាន់​ហេតុការណ៏
Search

កាណាដា​ត្រៀម​លុបបំបាត់​ផលិតផល​ផ្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​ម្ដង​ដូចជា​បំពង់​បឺត និង​ថង់​ជាដើម

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ប្រទេស​កាណាដា​គ្រោង​នឹងដាក់​បម្រាម​លើ​ការប្រើ​ផ្លា​ស្ទិ​ក​ដែល​ប្រើ​តែម្ដង​មួយចំនួន​ដូចជា​បំពង់​បឺត ថង់​និង​សម​ស្លាបព្រា​ត្រឹម​ដើមឆ្នាំ​២០២០​ដើម្បី​កាត់បន្ថយ​សំរាម​ដែល​មិនអាច​កែច្នៃ​បាន​និង​ការពារ​ដែនសមុទ្រ​ពិភពលោក​។​

​លោកនាយក​មន្ត្រី​បានប្រកាស​អនុវត្ត​ចាប់ពី​តំបន់​ច្រាំង​នៃ​បឹង​មួយ​ដែល​ស្ថិតក្នុង​តំបន់​អភិរក្ស​ធម្មជាតិ Gault ក្នុង​ទីក្រុង Quebec ដោយ​ប្រើពេល​តិចជាង​៥​ខែ​មុនពេល​បោះឆ្នោតជាតិ​មកដល់​ដែល​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​និង​ការបំពុល​បរិស្ថាន​គឺជា​រឿង​ដែល​ស្ថិត​ក្នុងចំណោម​យុទ្ធនាការ​បោះឆ្នោត​ចម្បងៗ​។​

​លោក​ថា “​និយាយ​តាម​ត្រង់​ទៅក្នុង​នាម​ជា​ឪពុក​ម្នា​ក់វា​ពិតជា​ពិបាក​ពន្យល់​កូនៗ​ខ្ញុំ​ណាស់​។​តើ​ឱ្យ​ពន្យល់​ពី​ការស្លាប់​របស់​ត្រី​បា​ឡែ​ន​ធំៗ​នៅលើ​ឆ្នេរ​ជុំវិញ​ពិភពលោក​ហើយ​ក្នុង​ពោះ​របស់​ពួកវា​មាន​សុទ្ធតែ​ថង់​ផ្លា​ស្ទិ​កបាន​យ៉ាងម៉េច​កើត​ទៅ​”

​វិធានការ​របស់​ប្រទេស​កាណាដា​ធ្វើឡើង​ដោយយោង​តាម​វិធានការ​របស់​សភា​អឺរ៉ុប​ដែល​បាន​បោះឆ្នោត​កាល​ដើម​ឆ្នាំនេះ​ដើម្បី​ទប់ស្កាត់​ការ​ផលិតផល​ផ្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​ម្ដង​និង​វិវាទ​កាលពីពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ហ្វីលីពីន​និង​ម៉ា​ឡេ​ជុំវិញ​រឿង​ដឹក​កាកសំណល់​ពី​ប្រទេស​កាណាដា​ទៅ​ប្រទេស​ទាំងនោះ​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា​ប្រទេស​កាណាដា​បាន​ពន្យារពេល​អនុវត្ត​រហូតដល់​ឆ្នាំ​២០២១ ដើម្បី​ទុកពេល​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ ថា​តើ​ផលិតផល​ផ្លា​ស្ទិ​ក​ប្រភេទ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​។ រឿងនេះ​ក៏ត្រូវ​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ត្រូវ​សម្រប​ខ្លួន​តាម​ដែរ​៕REUTERS

ដោយ ៖ តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114