ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បង្វឹក​ភ្នំពេញ​ក្រោ​ន លើកឡើង​ពី​ការត្រៀមខ្លួន​ដោះដូរ​កីឡាករ​ក្នុង​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​

លោក ស៊ុំ វណ្ណា ដែល​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សម្រេច​តែងតាំង​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្នកាល​ពី​ពាក់កណ្ដាល​ខែឧសភា កន្លងទៅ​ជំនួស​លោក Leonardo Vitorino ដែល​បាន​ចាកចេញ​ដើម្បី​ដឹកនាំ​ក្រុម​បន្ត​ក្នុង​យុទ្ធនាការ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នោះ ​បាន​លើកឡើង​ពី​ការ​ត្រៀមខ្លួន​ដោះដូរ​កីឡាករ​ក្នុង​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា។

​លោក ស៊ុំ វណ្ណា បាន​លើកឡើងថា​៖«​ក្រុម​របស់​យើង​សព្វថ្ងៃនេះ​កំពុងតែ​ខ្វះ​កីឡា​ករលេខ​៩ លេខ​១០ និង​លេខ​៧ ពោលគឺ​នៅ​តំបន់​ខាងលើ​ផ្ទាល់​តែម្តង យើង​ត្រូវការ​កីឡាករ​បរទេស​ដែល​ល្អ​ដើម្បី​មកជួយ​គាំទ្រ​ពួកយើង​នៅ​ជុំ​ទី​ពីរ​»​។ ក្លិប​ភ្នំពេញ​ក្រោ​ន កំពុងតែ​ជួប​បញ្ហា​កីឡាករ​មាន​របួស​ផង​និង​កីឡាករ​បរទេស​ចំនួន​៤​នាក់​បាន​ចាក​ចេញពី​ក្លិប​ផង​។

​យោងតាម​ការបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ហៅ​កាត់​ថា CNCC លើកឡើងថា​ស្ថា​ប័​ន​នេះ​បាន​ផ្ញើលិខិត​ចំហ​មួយ​ផ្ញើ​ទៅកាន់​អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ទាំង​១៤​នៅ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩​នេះ​ថា​ការដោះដូរ​កីឡាករ​សម្រាប់​ជើង​ទី​២ រដូវ​កាល​២០១៩​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក ស៊ុំ វណ្ណា បាន​បន្ថែមថា​៖« ក្រុម​របស់​យើង​មាន​គោលដៅ​រួមមួយ​ចប់​ការប្រកួត​ទាំងពីរ​ជើង​ធ្វើយ៉ាងណា​ឲ្យ​បាន​ត្រឹម​លំដាប់​ក្រុម​ទាំង​៤​ខាងលើ (Top 4) ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​ជ្រើសរើស​កីឡាករ​បរទេស​ដែល​ល្អ ហើយ​យើង​កំពុងតែ​សម្លេង​មើល​កីឡាករ​នៅ​តំបន់​អាស៊ី ព្រោះ​វា​មាន​ភាពងាយស្រួល​តាម​ល​ក្ខ​ណៈ​ផ្សេងៗ​ដូចជា អាកាសធាតុ ចំណីអាហារ និង​ការលេង​វា​ស៊ីគ្នា​ជាមួយ​លី​គ​របស់​យើង​ផងដែរ​»​។​

​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ឆ្លងកាត់​ការប្រកួត​១០​លើក​មកនេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១៤ ក្រោយ​ប្រកួត​ឈ្នះ​បាន​ចំនួន​៥​លើក ហើយ​មិន​ធ្លាប់​ស្មើគ្នា​នោះទេ តែ​បរាជ័យ​ដល់​៥​លើក​មាន​៩​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១១​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ម្តុំ​ទួល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114