ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍ ៧​ចំណុច ដល់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦AMS ២០១៩

សៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​អនុសាសន៍​ចំនួន ៧ ដល់​អង្គ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ក្នុង​គោលដៅ​ដើម្បីឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បង្កើន​ទំនុកចិត្ត លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទំនាក់ទំនង និង​សន្តិសុខ​នៅក្នុង​តំបន់។

នៅ​ក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​សៀមរាប ដែលមាន​អ្នកកាសែត​ប្រមាណ ៦០០ នាក់​មកពី​ប្រមាណ ៤០​ប្រទេស​ចូលរួម​នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ស្តីពី​ឌីជីថល​ភាវូបនីយកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ផ្តោតលើ​ទីផ្សារ​កំពុង​អភិវឌ្ឍ​(Media Digitization: Focusing on Deve-loping Markets) ដែ​ល​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហ​ការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឤ​ស៊ី​ប៉ាស៊ីហ្វិក (AIBD) នាឱកាស​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ដើម្បីឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ទំនាក់ទំនង​និង​សន្តិសុខ​នៅក្នុង​តំបន់ ខ្ញុំ​សូម​ផ្តល់នូវ​គំនិត​ផ្តួចផ្តើម​មួយចំនួន​ដល់​អង្គ​សន្និសីទ ៖

​១-​ត្រូវ​រួមគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង សកលលោក​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​បទពិសោធន៍​ការ​អភិវឌ្ឍ បច្ចេកវិទ្យា​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល។​

​២-​ត្រូវ​រួមគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ។​

​៣-​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ គំនុំគំកួន ការ​​​ជេរប្រមាថ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្អប់ខ្ពើម​រើសអើង បង្កជម្លោះ រវាង​ជាតិ​សាសន៍ សាសនា ឬ បំផ្លើស​ព័ត៌មាន​ខុស​ពី​ការពិត ដែល​បង្កើត​ឱ្យ​មាន​អសន្តិសុខ​សង្គម។

​៤-​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​ទំនាស់​នៃ​ការផ្សាយ​ព័ត៌មាន​ដែល​បង្ក​ឱ្យ​កើតមាន​ភាព​វឹកវរ និង​ប៉ះពាល់​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល។

៥-​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​យល់ដឹង ទាំង​ផ្នែក​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ដើរ​ឱ្យ​ទាន់​តម្រូវការ​ទីផ្សារ ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការវិវត្ត​សភាពការណ៍​សកលលោក ។​

​៦-​ត្រូវ​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ក្លាយ​ជា​ប្រព័ន្ធ ដែល​មាន​ភាព​វ័យ​ឆ្លាត​និង​ឤច​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រឈម នឹង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល។

៧-​ត្រូវ​រួមគ្នា​កសាង​គោលនយោបាយ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​បទប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទប្បញ្ញត្តិ​ស្តង់ដារ​សុវត្ថិភាព​ឌីជីថល ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ទូទាត់​តាម​ប្រព័ន្ធ អេ​ឡិ​ក​ត្រូ​និក​និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា។

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ត្រូវ​បាន​រៀបចំឡើង​ក្រោម​ប្រធានបទ​ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​៖ ការផ្តោត​ទៅលើ​ការអភិវឌ្ឍ​ទីផ្សារ​»​។​មាន​ប្រធានបទ​សំខាន់​ចំនួន​៨​ដែល​ត្រូវ​បានកំណត់​ជា​ប្រធានបទ​ពិភាក្សា​ក្នុងចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ដូចជា​៖ ការ​សម្រប​វិស័យ​សារព័ត៌មាន​ទៅនឹង​បច្ចេកវិទ្យា​ឌីជីថល​, ការស្វែងរក​ចំណូល និង​ការប្រកួតប្រជែង​រវាង​សារព័ត៌មាន​បុរាណ​និង​ទំនើប​, ការរក្សា​ឯកសារ និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ជាដើម​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ថា​សន្និសីទ​នេះ​គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ​ដែល​ផ្តល់​កាលានុវត្ត​ភាព​ដល់​រដ្ឋ​មន្ត្រី​ព័ត៌មាន​ប្រតិបត្តិការ​សោតទស្សន៍ និង បុគ្គលិក​បម្រើការ​ងារ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន អ្នកស្រាវជ្រាវ អ្នក​ជំនាញ ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បានលើកឡើង​ផង​ដែរ​ថា​ ការដែល​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នូវ​សន្និសីទ​កំពូល​លើ​វិស័យ​ព័ត៌មាន​នេះ​គឺជា​កិត្តិយស​និង​សេចក្ដី​រីករាយ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា​និយាយ​ជារួម និង​សម្រាប់​ក្រសួង​ព័ត៌មាន​និយាយ​ដោយឡែក​។​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ ត្រូវ​បាន​រៀបចំ​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៤ នៅ​ក្នុង​ទីក្រុង​កូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី រហូតដល់​ឆ្នាំ​២០០៨​។ បន្ទាប់មក​សន្និសីទ​កំពូល​នេះ ​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ ឥណ្ឌូនេស៊ី ថៃ វៀតណាម អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌា​និង​ចុង​ក្រោយនេះ​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា។

ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​កំពូល​នេះ​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​និង អ្នកសារព័ត៌មាន​នឹងត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សារមន្ទីរ​សន្តិភាព​នៃ​សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់​និង​ប្រាសាទអង្គរវត្ត ដើម្បី​បាន​ស្វែងយល់​ពី​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​បោសសំអាត​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​និង​មរតក​វប្បធម៌​បន្សល់​ពី​បុព្វបុរស​ខ្មែរ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕

ដោយ ៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114