ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រព័ន្ធ​ការពារ​អាកាស​របស់​ស៊ី​រី ​បាញ់​ទម្លាក់​មី​ស៊ី​ល​អ៊ីស្រាអែល

ទីភ្នាក់ងារសារព័ត៌មាន Sana បាន​រាយការណ៍​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី​ បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​អ៊ីស្រាអែល​មួយចំនួន ​ដែល​សំដៅ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

Sana បាន​រាយការណ៍​ថា ការវាយប្រហារ​នេះ​បានចាប់ផ្តើម​នៅ​ម៉ោង​២​ព្រឹក​ក្នុង​តំបន់ Tall al-Hara ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​តំបន់ Golan Heights ប៉ុន្តែ​មិនមាន​អ្នកស្លាប់​និង​របួស​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​នេះ​មិនបាន​បញ្ជាក់ថា​តើ​ការវាយប្រហារ​នេះ​កំណត់​គោលដៅ​លើ​អ្វី​នោះទេ​។ Sana ក៏បាន​ចោទប្រកាន់​អ៊ីស្រាអែល​ផងដែរ​ថា​បានធ្វើ “​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច​” និង​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​រ៉ា​ដា​។​

​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​អាកា​សរា​ប់​រយ​លើក​នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ​ក្នុង​ឆ្នាំ​២០១១​មក​ដោយ​សំដៅ​ទៅលើ​កងកម្លាំង​ស្មោះត្រង់​ចំពោះ​លោក Bashar al-Assad និង​សម្ព័ន្ធមិត្ត​របស់​របប​គឺ​ប្រទេស​អ៊ីរ៉ង់​ក៏ដូចជា​ក្រុម Hezbollah ផងដែរ​។​

​កាលពី​ដើមខែ​នេះ អ៊ីស្រាអែល​បាន​វាយប្រហារ​ទីតាំង​ជាច្រើន​កន្លែង​ដែល​ត្រូវបាន​កាន់កាប់​ដោយ​កងកម្លាំង​របប​ក្នុង​រយៈពេល​២៤​ម៉ោង​ដោយបាន​សម្លាប់​យុទ្ធជន​ចំនួន​១៥​នាក់​។​

​កាលពី​ខែមករា អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​របស់​អ៊ីរ៉ង់​ក្នុងប្រទេស​ស៊ី​រី​នៅក្នុង​អ្វីដែល​ខ្លួន​និយាយថា​គឺជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ចេញពី​ខាងក្នុង​ប្រទេស​នេះ​។​

​ការវាយប្រហារ​នោះបាន​សម្លាប់​មនុស្ស​ចំនួន​២១​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114