ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ចាន់ វឌ្ឍនាកា ចុះកិច្ចសន្យា​ជាមួយ​ក្លិប​បឹងកេត​រយៈពេល​៣​ឆ្នាំក្រោយ​ចាកចេញ​ពី​ទឹកដី​ម៉ាឡេស៊ី

ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) ដែលជា​សមាជិក​លី​គ​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី (2019 Malaysia Super League) បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​ត្រឹម​ជើង​ទី​១ កាលពីពេល​ថ្មីៗ ខណៈ​ក្រុម​នេះ​បាន​សម្រេចចិត្ត​យក​កីឡាករ​ថៃ មក​បំពេញ​កៅអី​កូតា​កីឡាករ​អាស៊ាន​នេះ​ជំនួស​។​

កីឡាករ ចាន់ វឌ្ឍនាកា លើ​ទឹកដី​ម៉ាឡេស៊ី លើក​ទី​២​ បានបង្ហាញ​ខ្លួន​បានល្អ​កាលពី​ជើង​ទី​១​ដោយ​រក​គ្រាប់​បាល់​បាន​២​គ្រាប់ និង​assist បាន​៤​ដង ប៉ុន្តែ​នៅ​ជើង​ទី​២​ធ្វើ​មិន​បាន​ល្អ សូម្បី​ជម្រើស​១១​នាក់​ដំបូង​អត់​ជាប់​ដែរ​។ ក្រោយ​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី កីឡាករ ចាន់ វឌ្ឍនាកា បានសម្រេច​ត្រឡប់​មកកាន់​មាតុភូមិ​វិញ​ដោយ​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ​ក្លិប​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី​។​

វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បឹងកេត បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា​៖«​ក្លិប​បាល់ទាត់​បឹងកេត សូម​ប្រកាស​ជា​ផ្លូវការ អំពី​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ជាថ្មី ក្រោយ​បដិសេធ​ទៅ​ចូលរួម​ជាមួយ​ក្លិប Terengganu FC របស់​ម៉ាឡេស៊ី និង​ក្លិប​មួយចំនួនទៀត ដោយ​រូបគេ​សម្រេច​បន្ត​កុងត្រា រយៈពេល ៣ (​បី​) ឆ្នាំ​ទៅមុខទៀត​។ ដូចនេះ វឌ្ឍនាកា នឹង​ប្រើប្រាស់​ឯកសណ្ឋាន​លេខ ១១ របស់ខ្លួន ត្រៀម​ចូលរួម​ជាមួយ​ក្រុម​ដើម្បី​ប្រកួត​ជើង​ទី​២ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ និង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩»​។​

ជាមួយ​នឹង​ការ​វិលត្រឡប់​សាជាថ្មី​នេះ​ផង​ដែរ គ្រូបង្វឹក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្លិប​បឹង​កេត​អែ​ហ្វ​ស៊ី បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖« ការ​មកវិញ​របស់ វឌ្ឍនាកា គឺ​ល្អ​សម្រាប់​យើង​ក្នុង​ជើង​ទី​២ ព្រោះ​ចំណុច​ល្អ​របស់គាត់ នឹង​បំពេញ​នូវ​អ្វីដែល​យើង​ខ្វះខាត​ក្នុង​ជើង​ទី​១​នេះ ពិសេស​គឺ​តំបន់​ប្រយុទ្ធ​»​។​

សូមបញ្ជាក់ថា​កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្របពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែ​ពាក់កណ្តាល​រដូវ​កាល​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​បឹងកេត របស់​កម្ពុជា វិញ​ម្តង​។​

​រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈ​កម្ម​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​បាន​ដដែល​៕

ដោយ ៖ ​ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114