ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប៉ា សុជាតិ​វង្ស​ ត្រូវបាន​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣

​ភ្នំពេញ ​៖ លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដែល​ពិធី​ប្រកាស​នេះ ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ សម្ដេច​ក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​មានការ​ចូល​រួម​ពី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ខណ្ឌ​រាជធានី អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​រូប​ទៀត​។​

ក្នុង​ពិធី​នោះ លោក ប៉ា សុជាតិ​វង្ស ត្រូវ​បាន​ប្រកាស​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ជា​មួយ​នឹង​ការប្រកាស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ចំនួន​២៧​រូប​ផង​ដែរ​។​

លោក ឃួ​ង​ ស្រេង​ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី និង​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣​ កាលពី​ថ្ងៃទី​២៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​កន្លងទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ការពារ​សន្តិសុខ ​និង​អនុវត្ត​កិច្ចការ​នានា​ត្រឹម​ត្រូវ​តាមច្បាប់​ធ្វើ​ឲ្យ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកបដោយ​លក្ខណៈ​សេរី​ត្រឹមត្រូវ យុត្តិធម៌​ និង​មាន​សុវត្ថិភាព ក្នុងនោះ​គណបក្ស​នយោបាយ​ចំនួន​៥​គណបក្ស​ បាន​ចូលរួម​ប្រកួតប្រជែង​ដោយមាន​អង្គ​បោះឆ្នោត​ចំនួន​៨៩៩​នាក់​ ចែកចេញជា ១៤​ការិយាល័យ​បោះឆ្នោត​។ ជា​លទ្ធផល​សម្រាប់​ក្រុមប្រឹក្សា​រាជធានី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ ២៧/២៧​អាសនៈ និង​សម្រាប់​ក្រុមប្រឹក្សា​ខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន អាសនៈ ២៧/២៧ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​១/២៧០ អាសនៈ​និង​គណបក្ស ខ្មែរ​រូប​រួម​ជាតិ ​ទទួល​បាន​អាសនៈ​ក្នុងនោះ​តំណែង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ​និង​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ទាំង​១៤ គឺ​បាន​ទៅលើ​បេក្ខភាព​ចូល​ឈ្មោះ​បោះឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

សម្ដេច ស ខេង ក្នុងឱកាស​នោះបាន​មានប្រសាសន៍​លើកឡើងថា វេទិកា​សាធារណៈ​ត្រូវតែ​ធ្វើឡើង តាម​ភូមិ សង្កាត់​ដើម្បី​ទទួលយក​សំណើ ​និង​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន។​

សម្ដេច ​បាន​សង្កត់ធ្ងន់​ថា​ចំពោះ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន ត្រូវធ្វើ​ការ​កែសម្រួល​ឥរិយាបថ​ឡើងវិញ មិនមែន​ទៅតាម​មូលដ្ឋាន​យក​តែ​របាយការណ៍​ពី​ថ្នាក់​មូលដ្ឋាន​នោះ​ទេ។ យើង​ត្រូវ​ចុះ​ឲ្យ​ដល់​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ សាកសួរ​ប្រជាពលរដ្ឋ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ថា តើ​ប្រជាពលរដ្ឋ ពួកគាត់​ចង់បាន​អ្វី​យើង​ជួយ​ពួកគាត់​ចំ​គោលដៅ​ដែល​ពួកគាត់​ចង់បាន បើ​នៅតែ ចុះ​ទៅដល់​មូលដ្ឋាន​យក​តែ​របាយការណ៍​ពី​មូលដ្ឋាន​មកវិញ​ដដែល មិនបាច់​ចុះទៅ​ពង្រឹង​នោះ​ទេ​៕​

ដោយ ៖ ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114