ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ច្រឡំ​បង្ហាញ​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លាតត្រដាង​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​យល់ព្រម​ចាត់វិធានការ​ផ្លូវច្បាប់​ខ្លាំង​ជាង​មុន​ដើម្បី​បញ្ឈប់​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ប្រសិនបើ​កិច្ចប្រឹងប្រែង​ដំបូង​របស់​ពួកគេ​ដើម្បី​ទប់ស្កាត់​លំហូរ​នេះ​មិនបាន​បង្ហាញ​លទ្ធផល​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទេនោះ​។​

​នៅ​ខាងក្រៅ​សេត​វិមាន លោក Trump បានបង្ហាញ​នូវ​អ្វីដែល​លោក​និយាយថា​គឺជា​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​មួយ​ដែល​មន្ត្រី​ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​បញ្ចៀស​ការអនុវត្ត​ពន្ធគយ​លើ​ការនាំចេញ​របស់​ពួកគេ​ទៅកាន់​សហរដ្ឋអាមេរិក​។​

​រូបថត​នៃ​ឯកសារ​នេះ​បាន​បង្ហាញថា ប្រទេស​ម៉ិ​ក​ស៊ិ​ក​ហាក់ដូចជា​បាន​សន្យា​អនុម័ត​ឬ​អនុវត្ត​ច្បាប់​ក្នុងស្រុក​មួយចំនួន​ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាន​សន្យា​លើកដំបូង​របស់ខ្លួន​ទេនោះ​។ ការសន្យា​នោះ​គឺជា​ការដាក់​ពង្រាយ​ឆ្មាំ​ជាតិ​ចំនួន​៦,០០០​នាក់​ដើម្បី​ពង្រឹង​ព្រំប្រទល់​ភាគខាងត្បូង​របស់ខ្លួន​និង​ពង្រីក​គោលនយោបាយ​របស់ខ្លួន​ក្នុងការ​នាំយក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ត្រឡប់មកវិញ​ខណៈ​សហ​រដ្ឋ​អាមេរិក​ពិនិត្យមើល​ពាក្យបណ្តឹង​របស់​ពួកគេ​។​

​ឯកសារ​នេះ​និយាយថា បន្ទាប់ពី​រយៈពេល​៤៥​ថ្ងៃ ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​កំណត់ថា លទ្ធផល​មិន​គ្រប់គ្រាន់​ទេនោះ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​នៅក្រោម​ច្បាប់​ក្នុងស្រុក​ដើម្បី​នាំយក​កិច្ចព្រមព្រៀង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ឯកសារ​នេះ​ផ្តល់​ពេល​ឲ្យ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​៤៥​ថ្ងៃ​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​។​

​លោក Trump បាន​លើក​កិច្ចព្រមព្រៀង​នេះ​នៅ​ចំពោះ​មុខ​អ្នកយកព័ត៌មាន​ចំពេល​ដែលមាន​សំណួរ​អំពី​ថា​តើ​រដ្ឋបាល​របស់​លោក​ពិត​ជា​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​សប្ដាហ៍​មុន​ដើម្បី​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​រាប់សែន​នាក់​ដែល​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ចូល​ទៅក្នុង​សហរដ្ឋអាមេរិក​មែនឬ​ទេ​។​

ប៉ុន្តែ​លោក Trump បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា មាន​ផ្នែក​សម្ងាត់​មួយទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ដែល​តម្រូវ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ធ្វើ​បន្ថែមទៀត។

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​ម៉ិ​ក​ស៊ិ​ក​លោក Marcelo Ebrard ដែល​ដឹកនាំ​ក្រុម​ចរចា​ម៉ិ​ក​ស៊ិ​កនៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​អំពី​ការ​បដិសេធ​របស់​លោក​សាជាថ្មី​ថា មិន​មាន​ផ្នែក​សម្ងាត់​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114