ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​សម្របសម្រួល​ ៖​ គូប្រជែង​ស៊ូដង់​យល់ស្រប​ចំពោះ​ការចរចា​ថ្មី​នៅ​ពេល​បាតុកម្ម​បាន​បញ្ចប់

អ្នក​សម្របសម្រួល​អេ​ត្យូ​ពី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មេដឹកនាំ​បាតុកម្ម​បាន​យល់ព្រម​បញ្ចប់​យុទ្ធនាការ​នៃ​ការមិន​គោរព​ច្បាប់​ស៊ីវិល​ដែល​បានចាប់ផ្តើម​បន្ទាប់ពី​ការបង្ក្រាប​យ៉ាង​សាហាវ​មួយ​ទៅលើ​ក្រុមបាតុករ​និង​ដើម្បី​បន្ត​ការចរចា​ឡើងវិញ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ដែល​កំពុង​កាន់អំណាចរ​បស់​ប្រទេស​ស៊ូដង់​។​

​ការទម្លាយ​ភាពទាល់ច្រក​បានកើត​ឡើង​ខណៈពេលដែល​អ្នកការ​ទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់​កំពុង​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្ដើម​បេសកកម្ម​មួយ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ពួក​ឧ​ត្ត​ម​សេនីយ៍​បញ្ឈប់​ការបង្ក្រាប​លើ​ក្រុមអ្នកតវ៉ា​ដែល​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​របស់​ស៊ីវិល​។​

​ប្រទេស​ស៊ូដង់​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​យោធា​មួយ​ចាប់តាំងពី​ប្រទេស​នេះ​បាន​ផ្តួលរំលំ​ប្រធានាធិបតី​ផ្តាច់ការ Omar al-Bashir កាលពី​ថ្ងៃទី​១១​ខែមេសា​បន្ទាប់ពី​ការតវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់លោក​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​រយៈពេល​បី​ទសវត្សរ៍​។​

​បន្ទាប់ពី​ការទម្លាក់​លោក Bashir, បាតុករ​បាន​បោះជំរំ​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​យោធា​ក្នុង​ទីក្រុង ខា​ទុំ រយៈពេល​ច្រើន​សប្ដាហ៍​ដើម្បី​ទាមទារ​ការគ្រប់គ្រង​ស៊ីវិល​មុនពេល​កងកម្លាំង​សន្តិសុខ​និង​ទាហាន​ប៉ា​រ៉ា​បំបែក​ពួកគេ​នៅក្នុង​ការបង្ក្រាប​កាលពី​ថ្ងៃទី​៣​ខែមិថុនា​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​។​

​ចលនា​តវ៉ា​បានចាប់ផ្តើម​យុទ្ធនាការ​នៃ​ការមិន​គោរព​ច្បាប់​ស៊ីវិល​កាលពី​ថ្ងៃអាទិត្យ​ហើយ​អាជីវកម្ម​ភាគច្រើន​បាន​បិទទ្វារ​ខណៈ​ប្រជាពលរដ្ឋ​បាន​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល​បី​ថ្ងៃ​។​

​ចលនា​នេះ​បាន​គំរាម​ដាក់​គំនាប​កាន់តែខ្លាំង​ទៅលើ​ពួក​ឧ​ត្ត​ម​សេនីយ៍​ដោយ​ការចេញ​បញ្ជី​នៃ​សមាជិក​សម្រាប់​ស្ថាប័ន​គ្រប់គ្រង​ថ្មី​មួយ​ដែលជា​ចំណុច​សំខាន់​នៃ​ជម្លោះ​រវាង​ភាគី​ទាំងពីរ​។​

​ប៉ុន្តែ​បេសកជន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី Abiy Ahmed បាន​និយាយថា ពួកគេ​បាន​យល់ព្រម​បញ្ចប់​យុទ្ធនាការ​នេះហើយ​ត្រឡប់​ទៅរក​កិច្ចចរចា​វិញ​។​

​លោក Mahmoud Drir ដែល​បាន​សម្របសម្រួល​រវាង​ភាគី​ទាំងពីរ​ចាប់តាំងពី​លោក Ahmed ធ្វើ​ទស្សនកិច្ច​ទីក្រុង​ខា​ទុំ​កាលពី​សប្តាហ៍​មុន​បាន​និយាយថា “​ចលនា The Alliance for Freedom and Change បាន​យល់ព្រម​បញ្ចប់​យុទ្ធនា​ការមិន​គោរព​ច្បាប់​ស៊ីវិល​ចាប់ពី​ថ្ងៃនេះ​ទៅ​”​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀង​បន្ត​ការចរចា​ឡើងវិញ​ផងដែរ​”​។​

​ចំណែកឯ​ចលនា​តវ៉ា​ខ្លួនឯង​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្តការងារ​របស់​ពួកគេ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ពុធ​ទៅ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114