ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកកាសែត​រុស្សី​ត្រូវ​ដោះលែង ​ខណៈ​ការចោទប្រកាន់​ពីបទ​គ្រឿងញៀន ​ត្រូវបាន​ច្រានចោល​ក្រោយ​មានការ​រិះគន់

អ្នកកាសែត​ស៊ើបអង្កេត​រុស្ស៊ី​ម្នាក់ ​ត្រូវ​បាន​ដោះលែង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ បន្ទាប់ពី​អាជ្ញាធរ​នៅ​ទីក្រុង​មូ​ស្គូ​បាន​ទម្លាក់​ការចោទប្រកាន់​ពីបទ​គ្រឿងញៀន​ប្រឆាំងនឹង​រូបលោក​ក្រោយ​មានការ​តវ៉ា​ជា​សាធារណៈ​។​

​លោក Ivan Golunov ដែលជា​អ្នកសារព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ Meduza បាន​ដើរ​ចេញពី​ស្ថានីយ​ប៉ូលិស​ក្រុង​មូ​ស្គូ​ដើម្បី​សាទរ​ដល់​អ្នកកាសែត​ដែល​កំពុង​រង់ចាំ​ហើយ​បាន​សម្រក់​ទឹកភ្នែក​ខណៈ​គាត់​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​។​

​លោក Golunov បាន​និយាយថា “​អ្វីៗ​ទាំងអស់នេះ​បានកើត​ឡើង​យ៉ាង​ឆាប់រហ័ស​ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​រឿងនេះ​ដែល​អ្នក​បាន​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​គិតថា វា​មាន​ឥទ្ធិពល​លើ​ដំណើរ​នៃ​ព្រឹត្តិការណ៍​នេះ​”​។​

​គាត់​បាន​និយាយថា គាត់​សង្ឃឹមថា​រឿងក្តី​របស់គាត់​នឹង​ផ្លាស់ប្តូរ​ការអនុវត្តរ​បស់​ប៉ូលិស​ហើយ​ស្ថានភាព​បែបនេះ​នឹងមិន​កើតឡើង​ម្តងទៀត​ដល់​នរណាម្នាក់​នៅ​ក្នុងប្រទេស​នេះ​ទេ​។​

​អ្នកសារព័ត៌មាន​រូប​នេះ​បាន​ប្ដេជ្ញា​ថា​នឹង​បន្តធ្វើ​របាយការណ៍​អំពី​ការស៊ើបអង្កេត​របស់គាត់​សម្រាប់​កាសែត Meduza ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ឡា​ត​វី​ដើម្បី​អនុញ្ញាត​ឲ្យ​វា​ធ្វើការ​កាន់តែ​មាន​សេរីភាព​។​

​បុរស​វ័យ​៣៦​ឆ្នាំ​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​សប្តាហ៍​មុន​លើ​ការចោទប្រកាន់​នានា​ដែល​អ្នកគាំទ្រ​និយាយថា ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​រូបគាត់​សម្រាប់​ការងារ​ស៊ើបអង្កេត​របស់គាត់​ហើយ​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​។​

​ករណីនេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​នៅ​បរទេស​អំពី​អ្វីដែល​ក្រុម​អ្នក​រិះគន់​បាន​ស្តីបន្ទោស​ថា​ជា​និ​ទណ្ឌ​ភាព​និង​អំពើពុករលួយ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​។​

​នៅក្នុង​សេចក្តីប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Vladimir Kolokoltsev បាន​និយាយថា លោក Golunov ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​ក្នុងផ្ទះ​ហើយ​ការចោទប្រកាន់​ប្រឆាំងនឹង​រូបគាត់​ត្រូវបាន​ដកចេញ​។​

​លោក Kolokoltsev ក៏បាន​និយាយ​ផងដែរ​ថា លោក​នឹង​ស្នើ​លោក​ប្រធានាធិបតី Vladimir Putin ឲ្យ​បណ្តេញ​ប្រមុខ​ប៉ូលិស​ក្រុង​មូ​ស្គូ​និង​មន្ត្រីជាន់ខ្ពស់​មួយរូប​ទៀត​ដែល​ទទួលបន្ទុក​គ្រប់គ្រង​គ្រឿងញៀន​នៅក្នុង​រដ្ឋធានី​។​

​គួរ​បញ្ជាក់ថា លោក Golunov ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ប្រើ​ថ្នាំញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​ហើយ​ត្រូវបាន​គេ​ឃុំខ្លួន​ក្នុងផ្ទះ​កាលពី​ចុង​សប្តាហ៍​ដោយ​ប្រឈម​នឹង​ការជាប់គុក​២០​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114