ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច ​ស ខេង ជំរុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត នៅក្នុង​ឆ្នាំ​២០១៩​នេះ

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ បង្ក្រាប​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ា​អូខេ និង​ក្លឹប​កម្សាន្ត ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​សម្តេច ស ខេង ក៏បាន​ហាម​មិនអោយ​មានការ​ចាត់តាំង​កម្លាំង​នគរបាល​ទៅ​យាមកាម នៅ​តាម​ទីតាំង​ខារ៉ាអូខេ​ក្លឹប​កម្សាន្ត និង​នៅ​តាម​កាស៊ី​ណូ​ផងដែរ។​

ការ​ជំរុញ​បែបនេះ​របស់ សម្ដេច​ក្រឡា​ហោម ស ខេង បានធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​បាន​ប្រកាស លោកប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៧​រូប​។​

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ នៅ​ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​របស់​យើង​ត្រូវតែ​បញ្ចប់​ឲ្យ​បាន​នូវ​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត ព្រោះថា​នេះ​ជា​ការ​ទទួលខុសត្រូវ​ដ៏​ធំធេង និង​ធ្ងន់ធ្ងរ​បំផុត​ចំពោះមុខ​ប្រវត្តិសាស្ត្រ​របស់​យើងទាំងអស់គ្នា​។ ដូច្នេះ​ទេ​ កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំង​២៥​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​លុបបំបាត់​បទល្មើស​មួយ​នេះ នៅក្នុង​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​នេះ​ឲ្យ​បាន​។​

ក្នុងឱកាស​នោះដែរ សម្ដេច ស ខេង​ ក៏បាន​ចេញ​បញ្ជា​មួយទៀត គឺ ហាម​មិនឲ្យ​មានការ​ចាត់តាំង​កម្លាំង​នគរបាល​ទៅ​យាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត ដែល​សង្ស័យ​ជាទី​តាំង​ប្រព្រឹត្ត​គ្រឿងញៀន​ឡើយ ព្រោះ​ថាបើ​កម្លាំង​ទៅ​យាម​នៅ​ទីនោះ ដូច​ទៅ​យាម​កន្លែង​គ្រឿងញៀន​អញ្ចឹង​ដែរ ស្រប​ពេលដែល​ក្រសួងមហាផ្ទៃ​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ពាក់ព័ន្ធ​រឿង​នេះ​។​

គួររំលឹកថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ធំៗ ដោយ​បាន​ឃាត់​មនុស្ស​រាប់​រយ​នាក់ និង​គ្រឿងញៀន​មួយ​ចំនួន​ធំ ដូចជា​ក្លឹប​កម្សាន្ត​រ៉ុ​ក និង​ខណ្ឌ​ចំការមន និង​ក្លឹប​កម្សាន្ត «​លុ​ច្ស​សារី​» នៅ​ខណ្ឌ​ដូនពេញ​ជាដើម​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114