ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​បន្សាប​គ្រឿងញៀន​ម្នាក់​ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ សង្ស័យ​គាំងបេះដូង​

បាត់ដំបង ៖ យុវជន​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល ដើម្បី​បន្សាប​គ្រឿង បាន​គាំង​បេះដូង​ស្លាប់ ខណៈដែល​សមត្ថកិច្ច​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ ដែល​បញ្ហា​នេះ​ត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា គឺ​បណ្តាល​មកពី​ការ​គាំងបេះដូង។​

លោក តាត វី នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ផ្នែក​រដ្ឋបាល នៃ​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តីសង្ឃឹម ខេត្តបាត់ដំបង ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​បវេល គឺ​លោក​បាន​លើកឡើងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅវេលា​ម៉ោង៤និង៥០នាទី​ទៀបភ្លឺ ព្រឹក​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ ២០១៩។​

លោក​ក៏បាន​បន្តថា កាលពី​ម្សិលមិញ នៅក្នុង​ពិធី​សំណេះសំណាល​របស់​លោក​ឧត្ដមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ទៅលើ​យុវជន​បន្សាប​គ្រឿងញៀន នៅក្នុង​មជ្ឈមណ្ឌល​ទាំងអស់ ព្រមទាំង​មានការ​ញាំ​នំ​បញ្ចុក​សាមគ្គី​ផង​នោះ គឺ​សុខ​ភាព​របស់​យុវជន​ដែល​មាន​ឈ្មោះ វ៉ិ​ត សា​វីន​ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ/ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ គឺ​នៅ​ជា​ធម្មតា ដោយ​ពុំមាន​អ្វី​គួរឲ្យ​កត់​សម្គាល់​ឡើយ។​

លោកនាយ​រង​ការិយាល័យ​ក៏បាន​បន្តថា លុះ​នៅពេល​ទៀបភ្លឺ ទើប​ជនរងគ្រោះ​មាន​សភាព​ទន់​ខ្លួន​តែម្តង ទើប​លោក​បាន​ចាត់​កម្លាំង និង​ដឹកបញ្ជូន​តាម​រថយន្ត​ដើម្បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​បវេល ប៉ុន្តែ​អ្វីៗ​បាន​ហួសពេល​ទៅហើយ​ ដោយ​ក្រុមគ្រូពេទ្យ​បាន​និយាយថា គេ​ស្លាប់​ហើយ​ដោយសារ​គាំងបេះដូង​ និង​មិនបាន​ព្យាបាលឲ្យទាន់​ពេលវេលា។​

ដោយឡែក​សព នៅពេល​បញ្ជូន​មកដល់​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ​ គឺ​កម្លាំង​បច្ចេកទេស និង​កោសល្យវិច័យ​ខេត្ត ក៏បាន​ចុះ​ពិនិត្យ​ម្តងទៀត ដោយ​បាន​អះអាងថា ជនរងគ្រោះ​មាន​ស្នាមរបួស​មួយកន្លែង​នៅលើ​ក្បាល​ផ្នែក​ខាងឆ្វេង​ ប៉ុន្តែ​វា​គឺជា​ស្នា​មចាស់ ដោយឡែក​បញ្ហា​ដែល​មាន​ឈាម​ហូរ​តិចៗ​តាម​មាត់​ និង​ច្រមុះ​នោះ គឺ​ដោយសារតែ​សម្ពាធ​ឈាម​ស្រុង​នៅពេលដែល​យើង​ដាក់​សព​ផ្កាប់​មុខ​ដើម្បី​ពិនិត្យ ជា​លទ្ធផល​ គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​រោគ​គាំងបេះដូង ហើយ​បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

​ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114