ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​ក្នុង​បេសកកម្ម​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​នៅ​ថ្ងៃ​ពុធ​សម្រាប់​បេសកកម្ម​ការទូត​ដ៏​កម្រ​មួយ​ក្នុង​ក្តី​សង្ឃឹមថានឹង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​និង​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ទីក្រុង​តូ​ក្យូ​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈពេល​៤១​ឆ្នាំ​មកនេះ​, លោក Abe ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​ហើយ​ទៅធ្វើ​កិច្ចចរចា​ជាមួយ​លោក​ប្រធានាធិបតី Hassan Rouhani​។​

​ទីក្រុង​តេ​អេ​រ៉ង់​បាន​ជាប់​នៅក្នុង​ភាព​តានតឹង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​សំខាន់​ឆ្នាំ​២០១៥​កាលពី​ខែឧសភា​ឆ្នាំមុន​។​

​ចាប់តាំងពី​ពេលនោះ​មក ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជា​ឯកតោភាគី​សាជាថ្មី​ដែល​បង្ខំ​ឲ្យ​ប្រទេស​ជប៉ុន​ផ្អាក​ការទិញ​ប្រេង​របស់​អ៊ីរ៉ង់​ហើយ​ចាប់ផ្តើម​ការកសាង​កង​ទ័ព​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក Abe ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​តូ​ក្យូ​មុនពេល​ចាកចេញ​ទៅ​ទីក្រុង​តេ​អេ​រ៉ង់​ថា “​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​ការយកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ​លើ​បញ្ហា​នេះ ជប៉ុន​ចង់​ធ្វើ​ឲ្យ​បានល្អ​បំផុត​ឆ្ពោះទៅរក​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​”​។​

​លោក​និយាយថា “​ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ជប៉ុន​និង​អ៊ីរ៉ង់ ខ្ញុំ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូ​រមតិ​ដោយស្មោះ​ត្រង់​ជាមួយ​លោក​ប្រធានាធិបតី Rouhani និង​មេដឹកនាំ​កំពូល​លោក Khamenei ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​”​។​

​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា លោក Abe នឹងមិន​បង្ហាញ​ដល់ទី​ក្រុង​តេ​អេ​រ៉ង់​នូវ​បញ្ជី​នៃ​ការទាមទារ​ឬ​សារ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ទេ​ហើយ​ផ្ទុយទៅវិញ​ចង់​ដើរតួ​ជា​អន្តរការី​អព្យាក្រឹត​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា កាលពី​ថ្ងៃ​អង្គារ លោក Abe បាន​ពិភាក្សា​អំពី​ស្ថានភាព “​អ៊ីរ៉ង់​” នៅក្នុង​ការនិយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Trump​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ជួបចរចា​ជាមួយ​លោក Rouhani នៅ​ថ្ងៃ​ពុធ​, លោក Abe នឹង​ជួប​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114