ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​បត្យាប័ន​របស់​ចិន​ បានធ្វើ​ឲ្យ​ទីក្រុង​ហុងកុង​ចលាចល

អ្នក​តវ៉ា​រាប់ម៉ឺន​នាក់ ​បានធ្វើ​ឲ្យ​កកស្ទះ​នៅ​កណ្តាល​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ពុធ ​ដោយ​ពួកគេ​បាន​បិទផ្លូវ​សំខាន់ៗ​ដើម្បី​ជាការ​ប្រឆាំង​ទៅនឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​។​

​បាតុករ​ស្លៀកពាក់​ខ្មៅ​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​មនុស្ស​វ័យក្មេង​និង​សិស្សានុសិស្ស​បាន​ឡោមព័ទ្ធ​ការិយាល័យ​រដ្ឋាភិបាល​ដែលជា​ហេតុ​នាំ​ឲ្យ​ចរាចរណ៍​ត្រូវ​ជាប់គាំង​ខណៈ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដក ផែន​ការដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​មួយ​នេះ​។​

​បាតុករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការជជែក​ដេញដោល​តាម​ការគ្រោងទុក​នៅក្នុង​សភា​នីតិប្បញ្ញត្តិ​។​

​ខណៈ​ហ្វូងមនុស្ស​នៅតែ​បន្ត​កើនឡើង​នៅពេល​ព្រឹក មន្ត្រី​នៅក្នុង​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ (Legco) បាន​និយាយថា ពួកគេ​នឹង​ពន្យារពេល​ការបកស្រាយ​លើក​ទី​ពីរ​នៃ​ច្បាប់​នេះ​ទៅ​កាលបរិច្ឆេទ​ក្រោយ​វិញ​។​

​នៅក្នុង​ទិដ្ឋភាព​ដូច​ចលនា Occupy កាលពី​ឆ្នាំ​២០១៤​ដែល​បាន​បិទ​ទីក្រុង​នេះ​មួយផ្នែកធំ​អស់​រយៈពេល​ជាច្រើន​ខែ​, ប្រជាជន​បាន​ចេញមក​តាម​ដងផ្លូវ​ធំៗ​និង​ផ្លូវ​ប្រសព្វ​នៅ​កណ្តាល​ទីក្រុង​ដោយ​ដាក់​របាំង​លើផ្លូវ​ហាយ​វេ​ហើយ​ត​ភ្ជាប់​គ្នា​។

​ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​ស្ព្រា​យ​ហឹរ​ទៅលើ​បាតុករ​នៅ​ខាងក្រៅ​អគារ Legco ហើយ​លើក​សញ្ញា​ព្រមាន​ដល់​បាតុករ​ថា ពួកគេ​ត្រៀម​ប្រើ​កម្លាំង​ហើយ​។​

​អ្នករៀបចំ​ការ​ដង្ហែ​ក្បួន​ដ៏​មហិមា​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា មាន​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ចេញមក​តវ៉ា​ដើម្បី​បង្ហាញ​ការជំទាស់​របស់​ពួកគេ​ចំពោះ​ច្បាប់​ដែល​បានស្នើ​ឡើង​នេះដែ​លវា​នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​ហុងកុង​បញ្ជូន​ជនសង្ស័យ​ទៅ​ដែន​សមត្ថកិច្ច​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​រួមទាំង​ប្រទេស​ចិន​ផងដែរ​។​

​ប៉ុន្តែ​ចំនួន​អ្នក​តវ៉ា​ក្នុង​កំណត់ត្រា​នេះ​បាន​បរាជ័យ​ក្នុងការ​រារាំង​នាយក​ប្រតិបត្តិ​គាំទ្រ​ទីក្រុង​ប៉េកាំង​លោកស្រី Carrie Lam ដែល​បាន​បដិសេធ​ការអំពាវនាវ​ឲ្យ​ដក​សេចក្តីព្រាងច្បាប់​នេះ​។​

​ក្រុមហ៊ុន​ជាង​១០០​នៅ​ទីក្រុង​ហុងកុង​បាន​និយាយថា ពួកគេ​នឹង​បិទ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ជាស​ញ្ញា​នៃ​ការ​សាមគ្គីភាព​ជាមួយ​ក្រុមអ្នកតវ៉ា​ហើយ​សហជីព​សិស្ស​និស្សិត​ដ៏​សំខាន់​របស់​ទីក្រុង​នេះ​បានប្រកាសថា ពួកគេ​នឹងធ្វើ​ពហិការ​ចូលរៀន​ដើម្បី​ចូលរួម​ការប្រមូល​ផ្តុំគ្នា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114