ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មាធិការ គ.ស.ហ បើក​កិច្ចពិភាក្សា​លើ​ឯកសារ​សំខាន់​ចំនួន​៣ មុននឹង​ដាក់​ជូន​អង្គការ​សហ​ប្រជាជាតិ នា​ខែ​មិថុនា​ខាងមុខ​

ភ្នំពេញ ៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣ គឺ​សេចក្ដីព្រាង​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ ដោយ​ស្ម័គ្រចិត្ត​២០១៩ ស្ដីពី​ការអនុវត្ត​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦-២០៣០, សេចក្ដីព្រាង​អនុក្រឹត្យ ​ស្ដីពី​ការចុះបញ្ជី​បរ​ធន​បាល​កិច្ច និង​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ជាច្រើន​។​

​សេចក្តីព្រាង​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​២០១៩ ស្តីពី​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០ គឺជា​ឯកសារ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (​គ​.​អ​.​ច​.​ក​) ឆ្នាំ​២០១៦-២០៣០ ដែល​សម្រេចបាន​ក្នុង​រយៈពេល​៣​ឆ្នាំកន្លងមក​(២០១៦-២០១៨) តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ របាយការណ៍​នេះ ជាការ​ចែករំលែក​នូវ​បទពិសោធន៍​ នៃ​បណ្តា​ប្រទេស ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​លើ​ភាព​ជោគជ័យ​, បញ្ហា​ប្រឈម​, មេរៀន​ដកស្រង់​ពី​ការអនុវត្ត និង​គោល​នយោបាយ​គន្លឹះ​ក្នុង​ការ​ជំរុញ និង​ព​ន្លឿ​ន​ការអនុវត្ត​គោលដៅ​ប្រកប​ដោ​ចីរភាព​២០៣០​។ ការ​ចូលរួម​ក្នុង​ការ​ត្រួតពិនិត្យ​វឌ្ឍនភាព​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព គឺ​ឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​រវាង​រដ្ឋាភិបាល និង​តួអង្គ​ពាក់ព័ន្ធ ជាពិសេស ដើម្បី​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍ “​គ្មាន​នរណា​ម្នាក់​ត្រូវបាន​បំភ្លេចចោល​”​។​

​កម្ពុជា គឺជា​ប្រទេស​គំរូ​ក្នុងចំណោម​ប្រទេស​ចំនួន​៦ ក្នុង​ពិភពលោក ដែល​សម្រេចបាន​គោលដៅ​ភាគច្រើន នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ក្នុងចំណោម​ប្រទេស​ចំនួន​៥១ ដែល​បាន​ស្ម័គ្រចិត្ត​លើក​ទី​១ ក្នុង​ការ​បង្ហាញ​នូវ​វឌ្ឍនភាព​ នៃ​ការអនុវត្ត គ​.​អ​.​ច​.​ក ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍ នៃ​ភាព​ជោគជ័យ​, បញ្ហា​ប្រឈម និង​មេរៀន​ល្អៗ​ដល់​ប្រទេស​ដទៃ​ទៀត​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួល​បាន​ការ​ឯកភាព ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកសារ​នេះ នឹងត្រូវ​ដាក់ជូន​ដើម្បី​ទទួល​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា មុននឹង​ផ្ញើជូន​អង្គការសហប្រជាជាតិ ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ខា​មុខ ហើយនឹង​ត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​របស់​អង្គការសហប្រជាជាតិ ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ផងដែរ​។​

​ចំណែក​សេចក្តីព្រាង​អនុក្រឹត្យ​ ស្តីពី​ការចុះបញ្ជី​បរ​ធន​បាល​កិច្ច មាន​គោលបំណង​កំណត់​លក្ខខណ្ឌ និង នីតិវិធី​លម្អិត​ នៃ​ការចុះបញ្ជី​បរ​ធន​បាល​កិច្ច ដែលមាន​៤​ប្រភេទ រួមមាន ​៖ បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម​, បរ​ធន​បាល​-​កិច្ច​សាធារណៈ​,​បរ​ធន​បាល​កិច្ច​សង្គម និង​បរ​ធន​បាល​កិច្ច​បុគ្គល ។ ការអនុម័ត​អនុក្រឹត្យ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​ច្បាប់​ ស្តីពី​បរ​ធន​បាល​កិច្ច ក្នុង​ការជួយ​ពង្រឹង​ដល់​ការគ្រប់គ្រង និង​ការតាមដាន​ត្រួតពិនិត្យ​វិស័យ​បរ​ធន​បាល​កិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ព្រមទាំង​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​ដោយឡែក​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ ស្តីពី​ការ​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ស្ថិរភាព​ហិរញ្ញវត្ថុ​កម្ពុជា គឺជា​ការបង្កើត​យន្តកា​រ​គ្រប់គ្រង​ស្ថិរភាព​ហិរញ្ញវត្ថុ គឺជា​និន្នាការ​តំបន់ និង​ពិភពលោក បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​នាពេល​កន្លងមក ។ ការបង្កើត​យន្ត​ការដើ​ម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​វិបត្តិ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព គឺមាន​សារៈសំខាន់​យ៉ាង​ខ្លាំង ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល និង​ការ​រាលដាល​ទៅកាន់​វិស័យសេដ្ឋកិច្ច​រូបវ័ន្ត សំដៅ​ធានា​បាន​នូវ​ស្ថិរភាព និង​ចីរភាព ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​។ សម្រាប់​កម្ពុជា ខណៈពេលដែល​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​មានការ​អភិវឌ្ឍ ពិពិធ​កម្ម​ទូលំទូលាយ និង​សមាហរណកម្ម​ស៊ីជម្រៅ អនុវិស័យ​ហិរញ្ញវត្ថុ​នីមួយៗ កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា និង​ស្មុគ​ស្មាញ ដែល​ចាំបាច់​តម្រូវ​ឲ្យ​មាន​យន្តការ​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ​សមស្រប ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហានិភ័យ​ជា​ប្រព័ន្ធ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​អំពី​សារៈសំខាន់​ នៃ​សេចក្តីព្រាង​ឯកសារ​ទាំងបី និង​ព្រមទាំង​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ខ្លឹមសារ​តាម​ផ្នែក​នីមួយៗ ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​ក្រុមការងារ​បន្ត​ធ្វើ​ការ​កែលំអ​មុន នឹងដាក់​ស្នើសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ថ្លែងអំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​សហការ​រៀបចំ​ឯកសារ​ដ៏​មាន​សារៈសំខាន់​ទាំង​បី និង​បាន​ណែ​នាំ​ឲ្យ​ក្រុមការងារ​រៀបចំ​ឯកសារ និង​ក្រុមការងារ​អន្តរក្រសួង​បន្ត​ផ្តល់​កិច្ចសហការ និង​ធ្វើការ​ផ្ទាល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​កែសម្រួល​ចំណុច ដែល​នៅ​ខ្វះខាត​តាម​ស្មារតី​អង្គប្រជុំ ដើម្បី​ឲ្យ​ឯកសារ​ទាំង​នេះ​កាន់​តែមាន​លក្ខណៈ​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114