ព័ត៍មានទាន់​ហេតុការណ៏
Search

ចូល​លួច​ទំនិញ​ក្នុង​ផ្សារ​ទំនើប​បាន​៨​មុខ ត្រូវ​សន្តិសុខ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ត្រូវ​គេ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​នាង​បាន​បន្លំ​លួច​យក​ទំនិញ​របស់​គេ​ក្នុង​ផ្សារ​ទំនើប​ម៉ាក្រូ ដែលមាន​ទីតាំងនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​ម៉ោង​៩​យប់​(​ម៉ោង​២១)​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​។​

ប៉ូលិស​បានឲ្យ​ដឹងថា​ ជនជាប់ចោទ​ខាងលើ​ ឈ្មោះ ហឿន ម៉ា​រី អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ចាម គ្មាន​មុខ​របរ​ និង ​មិន​ប្រាប់​ទីលំនៅ​ពិតប្រាកដ​។​

នាង​ត្រូវបាន​ឃាត់ខ្លួន​តាម​ការចោទប្រកាន់​ពី ​ឈ្មោះ​ហ៊ាង វាសនា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​បម្រើ​ការងារ​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ ចំណុចកើតហេតុ​។​

បើតាម​ការអះអាង​រប​ស់ លោក ហ៊ាង វា​នា ជា​​​ដើមចោទ​បានបញ្ជាក់​ថា នៅមុន​ពេល​កើតហេតុ​គាត់​បាន​កំពុងធ្វើការ ​នៅពេលនោះ​បានឃើញ​ជនសង្ស័យ​ខាងលើ ​កំពុង​ដើរ​រើស​ទំនិញ​ក្នុង​ផ្សារ​ដាក់​តាម​រទេះរុញ​ចំនួន​៨​មុខ​ រួច​យក​មក​ឲ្យ​បុគ្គលិក​គិតលុយ​។ នៅពេល​គិតលុយ​ជន​សង្ស័យ​បាន​យកតែ​ទំនិញ​ថោកៗ​រួមមាន ផ្លែស្វាយ ចំនួន​១​គីឡូ ផ្លែ​ក្រូចថ្លុង ចំនួន​១ និង​ថង់​ចំនួន​១ សរុប​អស់​ចំនួន​៣.៧០០០​រៀល​។

ជនរងគ្រោះ​ជាដើម​ចោទ​បាន​បន្តថា នៅពេល​គិតលុយ​រួច ​នាង​ជនសង្ស័យ​បាន​រុញ​រទេះ​យកទៅ​ទុក​ពេលនោះ​ខ្លួន​បាន​មើលឃើញ​នៅក្នុង​រទេះ​នោះ​មាន​ផ្ទុក​នូវ​ទំនិញ​ជាច្រើន​ទៀត​ដូចជា១. ផ្សិត​ក្រៀម​ចំនួន​៥​កញ្ចប់, ២.​បង្គា​ក្រៀម ចំនួន​១កញ្ចប់ ,៣.​កន្សែងពោះគោ​ចំនួន​៣ ,៤.​ម្សៅ​ទឹកដោះ​ចំនួន​២​កំប៉ុង ,៥.​សាប៊ូកក់​សក់​ចំនួន​១​ប្រអប់, ៦.ម្រេច​គ្រាប់​ចំនួន​១​កញ្ចប់ ,៧ .​ផ្លែ​ត្របែក​ចំនួន​១​គីឡូ ,៨.​ក្រូចថ្លុង​១​កញ្ចប់ ដែល​មិនទាន់​គិតលុយ​ ហើយ​ជនសង្ស័យ​បាន​បន្លំ​លួច​យក​នៅពេលនោះ ទើប​ប្រាប់​សន្តិសុខ ហើយ​ខាង​សន្តិសុខ​ក៏បាន​ឃាត់ខ្លួន​យកមក​ប្រគល់ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្តង​។​

ជនសង្ស័យ​បាន​សារភាព ហើយ​ប៉ូលិស​ក៏បាន​នាំ​នាង​ជនសង្ស័យ​ទៅ​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំញៀន​នៅក្នុង​ខ្លួន​ផងដែរ ដែល​បញ្ជាក់ថា ជនសង្ស័យ​បាន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ថែមទៀត​៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114