ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្ទង់មតិ ​៖​ ៨៦​ភាគរយ​នៃ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​សារភាព​ថា ត្រូវបាន​បោក​បញ្ឆោត​ដោយ​ព័ត៌មាន​ក្លែងក្លាយ

យោងតាម​ការស្ទង់មតិ​ជា​សកល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​៨៦​ភាគរយ​ត្រូវបាន​បោកប្រាស់​ដោយសារ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ភាគច្រើន​គឺ​រាលដាល​នៅលើ Facebook​។​

​អ្នក​ឆ្លើយតបបាន​និយាយថា ពួកគេ​ចង់​ឲ្យ​ទាំង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវធ្វើ​ការបង្ក្រាប​លើ​សកម្មភាព​ទាំងនេះ​ដែល​វា​កំពុង​រួមចំណែក​ដល់​ការកើនឡើង​នៃ​ភាពមិន​ជឿទុកចិត្ត​លើ​អ៊ី​ន​ធឺ​ណែ​ត​និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​និង​នយោបាយ​។​

​យោងតាម​ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់ Ipsos លើ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ជាង​២៥,០០០​នាក់​នៅក្នុង​ប្រទេស​ចំនួន​២៥​បាន​បង្ហាញថា សហរដ្ឋអាមេរិក​ទទួល​បានការ​ស្តីបន្ទោស​ធំជាងគេ​ចំពោះ​ការផ្សព្វផ្សាយ​ពត៌មាន​ក្លែងក្លាយ​បន្ទាប់មក​គឺ​ប្រទេស​រុស្ស៊ី​និង​ចិន​។​

​ក្រុម​អ្នក​ស្ទង់​មតិ​នេះ​បាន​រកឃើញថា ព័ត៌មាន​ក្លែងក្លាយ​ហាក់ដូច​ជាមាន​ច្រើនជាងគេ​នៅលើ Facebook ប៉ុន្តែ​ក៏មាន​នៅលើ YouTube, Blog នានា​និង Twitter ផងដែរ​។​

​លទ្ធផល​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា ប្រជាពលរដ្ឋ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ហាក់ដូចជា​ងាយ​ទទួលរង​ការបញ្ចុះ​បញ្ចូល​ខ្លាំងជាងគេ​បំផុត​ខណៈដែល​អ្នកឆ្លើយ​តប​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​គឺជា​អ្នក​សង្ស័យ​បំផុត​។​

​លទ្ធផល​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការមិន​ជឿជាក់​ជាទូទៅ​ផងដែរ​លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងលើ​ភាព​ឯកជន​និង​ភាពលម្អៀង​តាម​អន​ឡាញ​។​

​ការស្ទង់មតិ​ដែល​ផ្អែកលើ​ការ​សម្ភាសន៍​ ដោយ​ផ្ទាល់ ​និង​តាម​អន​ឡាញ​នេះ​ គឺ​ត្រូវបាន​ធ្វើឡើង​ចន្លោះ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​ដល់​ថ្ងៃទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ ជំនួសមុខ​ឲ្យ​មជ្ឈមណ្ឌល Centre for International Governance Innovation (CIGI)៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114