ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី ចាត់ទុក​ជំនួប​ជាមួយ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ

សិង្ហ​បុរី ​៖ ការ​លើកឡើង​របស់​មេ​បញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជំនួប​រវាង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ព​សិង្ហ​បុរី ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ (Goh Si Hou) មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។

ជំនួប​នេះ បាន​ធ្វើ​ឡើង​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​សាធារណរដ្ឋ​សិង្ហ​បុរី​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ (Goh Si Hou) មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​សេចក្តី​រីករាយ ដែល​បាន​ទទួល​ស្វាគមន៍​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។ នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ្គូ ស៊ី​ហ៊ូ ចាត់ទុក​ជំនួប​នេះ ជា​ជំហាន​បន្ត​យ៉ាង​សំខាន់​ក្នុង​ការ​កសាង និង​ពង្រឹងគុណភាព និង​សមត្ថភាព ដល់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានា​ឲ្យ​បាន​កិច្ចការពារ​សន្តិភាព ស្ថិរភាព និង​ភាព​សម្បូរ​រុងរឿង ជាពិសេស​ការ​ពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព និង​មិត្តភាព រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន​តែមួយ ភាគី​ទាំងពីរ​ត្រូវ​បន្ត​ពង្រឹង និង​ការពង្រីក​ទំនាក់ទំនង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ លើ​ការ​រក្សា​សន្តិភាព ស្ថិរភាព ទាំង​កំរិត​ទ្វេភាគី និង​តំបន់​។ នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​កងទ័ព​សិង្ហ​បុរី ដែល​បាន​ជួយ​កងទ័ព​កម្ពុជា​កន្ល​ង​មក៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114