ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៦៥​នាក់ ​ត្រូវបាន​ប្រទះឃើញ​ក្នុង​ទូក​បែកបាក់​នៅ​ប្រទេស​ថៃ

មន្ត្រី​កងទ័ពជើងទឹក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​មាន​គ្នា​ចំនួន​៦៥​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ទូក​បែកបាក់​មួយ​ជិត​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ខណៈ​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត​ថា​តើ​ពួកគេ​ត្រូវបាន​គេ​ជួញដូរ​មែន​ឬក៏​អត់​។​

​ទូក​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ឧទ្យាន​ជាតិ Tarutao Marine ភាគខាងត្បូង​ប្រទេស​ថៃ​ដែលមាន​ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​របស់​យោធា​ក្នុង​ឆ្នាំ​២០១៧​ប្រឆាំងនឹង​ជនជាតិភាគតិច​គ្មាន​សញ្ជាតិ​នៅក្នុង​ប្រទេស​ដែលមាន​ពុទ្ធសាសនិក​ភាគច្រើន​មួយ​នេះ​។​

​មនុស្ស​ភាគច្រើន​បាន​រត់គេចខ្លួន​ចូលទៅ​ជំរំ​ជនភៀសខ្លួន​ដែលមាន​មនុស្ស​ច្រើន​កកកុញ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ខណៈដែល​អ្នក​ផ្សេងទៀត​បាន​ធ្លាក់ចូល​ទៅក្នុង​កណ្តាប់ដៃ​នៃ​ក្រុម​ជួញដូរ​មនុស្ស​នៅពេល​ពួកគេ​ស្វែងរក​ជីវិត​កាន់តែ​ល្អប្រសើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឬ​ថៃ​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ​ម្នា​ក់បាន​និយាយថា មាន​ស្ត្រី​៣១​នាក់​និង​កុមារ​៥​នាក់​ស្ថិត​ក្នុងចំណោម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ស្ថិតនៅលើ​ទូក​ដែល​បែកបាក់​នោះ​។​

​បុរស​ថៃ​ម្នាក់​និង​ជនជាតិ​មី​យ៉ាន់​ម៉ា​៥​នាក់​ក៏​ស្ថិតនៅក្នុង​ក្រុម​នេះដែរ​។ បុរស​ទាំង​នោះបាន​និយាយថា ពួកគេ​កំពុង​នេសាទ​នៅ​តំបន់​នោះ​ហើយ​គ្មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ​លោក Khan Deeubol បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បុរស​ទាំង​៦​នាក់​នេះ​ត្រូវបាន​ឃុំខ្លួន​ដើម្បី​សាកសួរ​ព្រោះតែ​អាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យ​របស់​ពួកគេ​។​

​មន្ត្រីខេត្ត​ម្នាក់​បាន​និយាយថា ពីដំបូង​ក្រុម​នេះ​ត្រូវបាន​ស៊ើបអង្កេត​សម្រាប់​ការចូល​ដោយ​ខុសច្បាប់​ប៉ុន្តែ​ការស៊ើបអង្កេត​ត្រូវបាន​ពង្រីក​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114