ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ម៉ម ប៊ុនហេង​ លើកឡើង​ពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​កម្ពុជា​ក្នុង​វេទិកា​បូ​អាវ ស្តីពី​សុខភាព​សាកល​នៅ​ប្រទេស​ចិន

ភ្នំពេញ ​៖ ក្នុង​ឱកាស​ចូលរួម​វេទិកា​បូ​អាវ ស្តីពី​សុខភាព​សាកល (Boao Global Health Forum) នៅ​ក្រុង​ជី​ង​ដាវ ខេត្ត​សាន​ដុង សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​ លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុន ​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​កម្ពុជា​ក្នុង​នោះ​បានសម្រេច​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ជាពិសេស គឺ​ការសម្រេច​គោលដៅ​សហស្សវត្ស ទី​៤ ទី​៥ និង​ទី​៦ មុន​កាលកំណត់​។

វេទិកា​នេះ​ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោកស្រី​ឧបនាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មាន​ប្រតិភូ មកពី​៥៥​ប្រទេស​ចូលរួម ដែល​ក្នុង​មាន​អតីត​នាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រី ព្រមទាំង​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​អន្តរជាតិ​នានា សរុប​ជាង​៨០០​នាក់​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ចែករំលែក​នូវ​បទពិសោធន៍ វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​ទស្សនវិស័យ ក្នុងការ​សម្រេច​ឲ្យបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព និង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជា​សាកល តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន ដូចជា មូលនិធិ​សមធម៌ ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ និង​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។

ទន្ទឹម​នឹង​នោះ លោក​សាស្ត្រាចារ្យ ក៏បាន​ចែករំលែក​នូវ​ចំណុច​ពិភាក្សា​គោល​ចំនួន​បួន​ដល់​អង្គពិធី​ផង​ដែរ​រួមមាន ១៖ តើ​យើង​ត្រូវធ្វើ​យ៉ាងណា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឆ្លាត​វៃ សម្រាប់​ឆ្លើយតប​ទៅ​នឹង​រាល់​ជំងឺឆ្លង ដែល​កំពុង​កើតមាន ឬ​នឹង​កើតមាន​នៅពេល​អនាគត​២៖ តើ​ភាគី​ឯកជន មាន​តួនាទី​អ្វីខ្លះ ក្នុង​ហិរញ្ញប្បទាន​សុខាភិបាល​៣៖ តើ​យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​បែប​ណា ដែល​ទន់ភ្លន់​តែ​រឹង​ម៉ាំ សម្រាប់​ឆ្លើយតប​ទៅ​នឹង​អនាគត នៃ​ការ​កើនឡើង​នៃ​មនុស្ស​ចាស់ជរា និង​ជំងឺមិនឆ្លង​៤៖ តើ​យើង​អាច​យកចំណេញ​អ្វីខ្លះ ពី​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ដើម្បី​ជួយ​ដល់​វិស័យ​សុខាភិបាល និង​ធានា​បាន​ថា ប្រជាជន​គ្រប់រូប អាច​ទទួល​បាន​នូវ​សេវា​សុខាភិបាល ដែល​ពួកគេ​ត្រូវការ ក្នុងតម្លៃ​សមស្រប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​វេទិកា​បូ​អាវ និង​ទស្សនកិច្ច​ស្វែងយល់​ដកស្រង់​ពិសោធន៍ អំពី​មន្ទីរពេទ្យ​វៃឆ្លាត ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ជី​ង​ដាវ និង​ទីក្រុង​សិន​ជីន ប្រទេស​ចិន​។ តប​តាម​ការ​អញ្ជើញ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត Margaret Chan ប្រធាន​វេទិកា​បូ​អាវ ស្តីពី​សុខភាព​សាកល អតីត​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​។

សម្រាប់​វេទិកា​បូ​អាវ ស្តីពី​សុខភាព​សាកល ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៨ នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង សម្របសម្រួល​គោលនយោបាយ​សាធារណៈ លើកកម្ពស់​ការអភិវឌ្ឍ​ឧស្សាហកម្ម ដោះស្រាយ​កត្តា​ប្រឈម​ផ្នែក​ធនធានមនុស្ស និង​ជំរុញ​បង្កើន​សម្លេង​ប្រជាជាតិ​អាស៊ី នៅក្នុង​កិច្ច​សហប្រតិបត្តិការ​សុខាភិបាល​អន្តរជាតិ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114