ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​១​ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដកហូត​និង​ទប់ស្កាត់​កុមារ​ប្រមាណ​៣​ម៉ឺន​នាក់​ចេញពី​ទម្រង់​ពលកម្ម​កុមារ

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០១៩​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដកហូត​និង​ទប់ស្កាត់​កុមារ​៣​ម៉ឺន​នាក់​ចេញពី​ពលកម្ម​កុមារ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការសិក្សា​រៀនសូត្រ​និង​ចូលរួម​សកម្មភាព​បាន​ពេញលេញ​នៅក្នុង​សង្គម​។

ថ្លែង​ក្រោយ​ចូលរួម​ខួប​លើក​ទី​៧០​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​ខួប​លើក​ទី​១៨ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៩​ កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅ​ទីស្តីការ​ក្រសួង លោក វ៉េង ហៀ​ង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ ការ​ដកហូត​កុមារ​ចេញពី​ពលកម្ម​កុមារ​នេះ​ធ្វើឡើង​តាមរយៈ​ការចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រូ​សារ​កុមារ​នីមួយៗ​ដូចជា​ការបង្កើត​មុខរបរ​ផ្សេងៗ ផ្តល់​សម្ភារៈ​សិក្សា ផ្តល់​អា​ហ​រូបករណ៍​និង​មធ្យោបាយ​សម្រាប់​កុមារ​ធ្វើដំណើរ​ទៅ​សាលា​ជាដើម​។

លោក បាន​បន្ត​ថា ​ពលកម្ម​កុមារ​នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កុមារ​មិន​ទទួល​បាន​នូវ​ការសិក្សា​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព ចិត្តគំនិត​ស្មារតី​និង​ការលូតលាស់​របស់​កុមារ​ពិសេស​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ផងដែរ​។

លោកស្រី ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ ដើម្បី​ទប់ស្កាត់​បញ្ហា​ពលកម្ម​កុមារ​នេះ​ក្រសួង​បន្ត​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់​និង​អធិការកិច្ច​ការងារ និង​សហការ​ជាមួយ​អង្គការ​និយោជិត និយោជក ដើម្បី​ដោះស្រាយ​ករណី​វិវាទ​ពលកម្ម​កុមារ និង​សុវត្ថិភាព​ការងារ​ឲ្យ​បាន​ទាន់​ពេល​វេលា ជាពិសេស​ជំរុញ​និយោជក​គោរព បទដ្ឋាន​ការងារ និង​ការដាក់ពិន័យ​កម្រិតធ្ងន់​សម្រាប់​សហគ្រាស គ្រឹះស្ថាន ដែល​ប្រើប្រាស់​ពលកម្ម​កុមារ​។

ពង្រីក​កិច្ចសហការ​អន្តរ​វិស័យ និង​ស្វែងរក​ដំណោះស្រាយ​សម​ស្រ​ចំពោះ​បញ្ហា​ពលកម្ម​កុមារ​ដែលមាន​ចរិតលក្ខណៈ​ពហុ​វិស័យ ដើម្បី​ធានា​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​កម្ពុជា និង​កសាង​មូលធន​មនុស្ស​ស្របតាម​បរិបទ​ការងារ​សមរម្យ​។​ ជំ​រុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​សហការ​គ្នា ដើម្បី​ធានា​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង និង​អំពាវនាវ​សាធារណជន​រាយការណ៍​អំពី​ករណី​ពលកម្ម​កុមារ​នៅ​កន្លែងធ្វើការ​។

បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ​ដើម្បី​ឲ្យ​ពួកគាត់​យល់ដឹង​និង​ផ្លាស់​ប្តូរ​អត្ត​ចរិត​ និង ​ឥរិយាបថ​បញ្ជូន​កូនៗ​ទៅ​សាលារៀន​ និង ​បង្កើន​ឱកាស​ការងារ​និង​មុខរបរ​ផ្សេងៗ​ដល់​ពួកគាត់​សម្រាប់​រកស៊ី​ជីវិត​ប្រចាំថ្ងៃ​។

ទន្ទឹម​នឹង​នេះ​ លោកស្រី​បាន​បន្ត​ថា ​ក្រសួង​ក៏​នឹង​បង្កើន​ការ​ចុះ​ធ្វើ​អធិការកិច្ច​នៅតាម​គ្រឹះស្ថាន​រោងចក្រ​សិប្បកម្ម​ផលិត​ឡឥដ្ឋ​ជាដើម​ ដើម្បី​ធានា​ថា​ កុមារ​ទាំងអស់​ត្រូវ​បាន​ទប់ស្កាត់​និង​ការពារ​មិន​ឲ្យ​ទៅ​កន្លែង​ការងារ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​។

យោង​តាម​ទិន្នន័យ​នៃ​អង្កេត​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឆ្នាំ​២០១៧ ​ដែល​គ្រោង​នឹង​ចេញផ្សាយ​នៅពេល​ខាងមុខនេះ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​កុមារ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​បាន​ថយ​ចុះ​ពី​១​លាន​៥​សែន​នាក់​នៅ​ឆ្នាំ​២០០០​មក​នៅ​៤៣​ម៉ឺន​នាក់ ​នៅ​ឆ្នាំ​២០១៧​ ហើយ​ក្នុងចំណោម​៤៣​ម៉ឺន​នាក់​នោះ​ មាន​ជាង​២០​ម៉ឺន​នាក់​ស្ថិត​ក្នុង​ទម្រង់​ពលកម្ម​កុមារ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114