ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​សំណង់​ម្នាក់ រអិល​ជើង​ធ្លាក់​ពីលើ​ដំបូល​ឃ្លាំង កម្ពស់​៨​ម៉ែត្រ​ របួស​ធ្ងន់ធ្ងរ​

​ភ្នំពេញ ៖ កម្មករ​សំណង់​ផ្នែក​ខាង​ជាងដែក​ម្នាក់ ខណៈ​ឡើង​ប្រក់​ដំបូល​ឃ្លាំង ជាន់​ស័ង្កសី​រអិល​ជើង​ធ្លាក់ កម្ពស់​៨​ម៉ែត្រ មក​ក្រោម បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បែក​មាត់ បាក់ធ្មេញ​ និង បាក់​ដៃ​ស្តាំ ត្រូវបាន​កម្មករ​រួមការ​ងារ ជួយ​ដឹក​តាម​រ៉ឺម៉ក ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ការដ្ឋាន​សំណង់​ឃ្លាំង​មួយកន្លែង ក្នុង​ភូមិ​កប់​គង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ​ ឈ្មោះ ស៊ីម ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ផ្នែក​ខាង​ជាងដែក ស្នាក់នៅ​ការដ្ឋាន ក្នុង​ភូមិ​កើតហេតុ មាន​ទីលំនៅ ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ។

តាម​សម្ដី​បុរស​ឈ្មោះ ស៊ីម ស៊ា​ង​ហៃ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក ត្រូវជា​បងប្អូនជីដូន​មួយ នឹង​ជនរងគ្រោះ ស្នាក់នៅ​កន្លែង ធ្វើការ​ទីលំនៅ ស្រុកភូមិ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា ពួកគេ​ជាជាង​ដែក បាននាំគ្នា​មក​ធ្វើការ​នៅ​ការដ្ឋាន​ខាងលើ បាន​មួយ​ខែ​មក​ហើយ ហើយ​មុន​កើតហេតុ ខណៈ​ជនរងគ្រោះ រួមជាមួយ​កម្មករ​ផ្សេងទៀត ឡើង​ប្រក់​ដំបូល កំពុង​តែ​ធ្វើ​ការ ស្រាប់តែ​ជនរងគ្រោះ រអិល​ជើង​លើ​ស័ង្កសី ធ្លាក់​តាំងពី​កម្ពស់​៨​ម៉ែត្រ​មកដល់​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ សន្លប់​ស្ដូកស្ដឹង បែក​មាត់ បាក់ធ្មេញ បាក់​ដៃ​ស្តាំ។​

ជនរងគ្រោះ ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវបាន​កម្មករ​រួម​ការងារ​នាំគ្នា​ជួយ​លើក​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ចេញ​មក​ផ្លូវ​បេតុង ដើម្បី​ដឹក​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​ផងដែរ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114