ព័ត៍មានទាន់​ហេតុការណ៏
Search

ទុសេ​ខ្សែភ្លើង ​ឆេះ​ផ្ទះមួយ​ខ្នង​និង​សម្ភារៈ​ក្នុងផ្ទះ អស់​គ្មាន​សល់

កណ្ដាល ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​សង់​អំពី​ថ្ម​ក្រោម​ឈើ​ ទាំង​កណ្ដាលថ្ងៃត្រង់ អស់​គ្មាន​សល់ ទោះបី​មាន​រថយន្ដ​ពន្លត់អគ្គីភ័យ​ចេញ​ជួយ​អន្ដរាគមន៍​ចំ​នួន​៤​គ្រឿង​នោះ​ក្ដី ​តែ​ក៏​នៅតែ​ជួយ​មិនទាន់​ ព្រោះ​ភ្លើង​លឿន​ណាស់ ឡាន​ទឹកបាន​ត្រឹម​មក​បាញ់​ការពារ​កុំ​ឆេះ​រាលដាល​ដល់​អ្នកជិតខាង​ប៉ុណ្ណោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វា​លា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​១២​ ខែ​មិថុ​នា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល។

ម្ចាស់ផ្ទះ​មានឈ្មោះ ឈា សា​វ៉ុ​ក ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ មុំ សា​មន អាយុ​៣៥​ឆ្នាំ។ ផ្ទះ​មាន​ទំហំ ៦គុណ៨ ប្រភេទ​ឈើ​លើ ថ្ម​ក្រោម ជញ្ជាំង​ក្ដារ ប្រក់​ក្បឿង ហើយ​សម្ភារៈ​ក្នុងផ្ទះ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ពោល​គឺ​ម្ចាស់​សល់​តែ​សម្បក​ខ្លួន​ប៉ុណ្ណោះ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្សែងហុយ​ខ្មួលៗ​ចេញពី​ក្នុងផ្ទះ​នោះ ប៉ុន្ដែ​ក្នុង​ពេល​តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ ភ្លើង​ក៏​ចាប់ផ្ដើម​យ៉ាង​សន្ធោសន្ធៅ​ភ្លាមៗ​តែម្ដង ព្រោះ​កណ្ដាលថ្ងៃត្រង់​ក្ដៅចែស​ផង ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ពេញបន្ទុក​ភ្លាមៗ​រកតែ​អ្នកជិតខាង​ជួយ​អី​ក៏​មិនទាន់​ដែរ​ទម្រាំ​តែ​ឡានទឹក​មកដល់​ភ្លើង​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ។

ចំណែក​ឡានទឹក​មក​ទាន់​បាន​ត្រឹម​បាញ់​ទឹក​ការពារ​ កុំ​ឆេះ​រាលដាល​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា ករណីនេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ។

ប្រតិបត្តិការ​នេះ​ដែរ គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ស្រុក​ហស​ការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​បែក​ចាន​ចុះជួយ​អន្ដរាគមន៍​ដោយ ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​ខេត្ត អស់​ចំនួន ០២​គ្រឿង និង​ឡានទឹក​អង្គភាព ៩១១​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក អស់​ចំនួន​០៤​ស៊ីទែន បាន​រលត់​ជា​ស្ថាពរ តែ​ភ្លើង​បាន​ឆេះ​ផ្ទះ​អស់​ទៅ​ហើយ​មិន​មាន​អ្វី​សល់​ឡើយ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114