ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្កឹះ​សោ​ចូល​លួច​យកទ្រព្យគេ​បានសម្រេច​៥​ថ្ងៃ តែ​ត្រូវ​បាន​ប៉ូលិស​តាម​ចាប់ខ្លួន​ពេល​រក​ឃើញ​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព

ភ្នំពេញ​ ៖ ប៉ូលិស​បានសម្រេច​ចិត្ត​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ តាម​បណ្តឹង​របស់​ជនរងគ្រោះ ចោទប្រកាន់​ពី​បទ​សង្ស័យ​ឆ្កឹះ​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​គេ កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​អូរ​បែ​ក្អម ខណ្ឌ​សែន​សុខ ក្រោយ​កើតហេតុ​កាលពី​៥​ថ្ងៃ​មុនពេល​ឃាត់ខ្លួន​។

ឈ្មោះ ហៀ​ង ចាន់ថន ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ជា​ជន​ដែល​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ក្នុងការ​ចោទប្រកាន់​ខាង​លើ​។

បើ​តាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ ហេង គឹម​យាន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នាង​មាន​ធុរៈ​ចេញដំណើរ​ទៅ​ក្រៅ​ផ្ទះ​តែ​ដោយសារ​អត់​សោ​អត់​អី​ចាក់​ផ្ទះ​ក៏បាន​ទៅសុំ​ខ្ចី​មេ​និង​កូន​សោ​ពី​ប្អូនស្រី​របស់​ជនសង្ស័យ​ដែល​ជួល​បន្ទប់​ស្នាក់នៅ​ក្បែរ​គ្នា (​គឺ​ជួល​បន្ទប់​លេខ​២ ជនសង្ស័យ​ជួល​បន្ទប់​លេខ​៥) រួច​ក៏បាន​កិប​ចាក់សោ​ទ្វារ​បន្ទប់​ជិះ​រ៉ឺម៉ក​កង់​បី​ទៅ​ព្រលានយន្តហោះ រួច​បាន​ត្រឡប់​ទៅ​ដេក​លេង​ផ្ទះ​បងប្អូន​នៅ​ផ្សារកណ្តាល​។ ក្រោយមក​មាន​អ្នកជិតខាង​បាន​ទូរស័ព្ទ​មក​ប្រាប់ថា ទ្វារផ្ទះ​របស់​នាង​ចំហ ទើប​នាង​រូតរះ​មក​ផ្ទះ​វិញ​។​

នាង​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​របស់​នាង​នៅក្នុង​ផ្ទះ​រួមមាន​លុយ​ចំនួន​៤៨០ដុល្លារ ​និង​លុយ​ខ្មែរ​ជាង​២​លាន​រៀល ព្រមទាំង​ទូរស័ព្ទ​ទំនើបៗ​ចំនួន​៣​គ្រឿង​ត្រូវបាន​ចោរលួច​យកទៅ​បាត់អស់​រួម​ទាំង​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ផ្សេងៗ​ទៀត​។

​ក្រោយមក​នាង​បាន​ប្តឹង​និង​ស្នើ​សុំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​បាន​រក​ឃើញ​រូប​ជនសង្ស័យ​ឈ្មោះ ហៀ​ង ចាន់ថន រួមជាមួយ​មិត្ត​ភ័​ក្ត បាន​ជិះ​ម៉ូតូ​ដើរចូល​មក​ចាក់​សោរ​ទ្វារផ្ទះ​របស់​នាង​យក​ទ្រព្យសម្បត្តិ​ខាងលើ​អស់​រលើង​។

ដោយសារ​មាន​រូបភាព​ឯកសារ​ច្បាស់លាស់​ស្គាល់​មុខ​ជនសង្ស័យ​ជាក់ច្បាស់​ទើប​នាង​បានមក​ដាក់​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុ​ស្តិ៍​ប៉ូលិស​អូរ​បែកក្អម​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114