ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល​ថា​មាន​ប្លន់​ប្រដាប់​អាវុធ ដោយ​ដាក់​ថ្នាំ​សណ្តំ​ផង ប៉ូលិស​កំពុង​ឈឺក្បាល

បាត់ដំបង ៖ ទាំង​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន កំពុង​មានការ ងឿងឆ្ងល់ និង​កំពុងធ្វើការ ស្រាវជ្រាវ​យ៉ាង​យ៉ាង​ដុតដៃ ដុតជើង បន្ទាប់ពី​ទទួល​បាន​ដំណឹង​ថា មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បានកើត​ឡើង ដោយ​ជនសង្ស័យ​នោះ​ចេះ​ប្រើ​ថ្នាំ​សណ្តំ​ថែមទៀត ដើម្បី​បញ្ជា​អោយ​ម្ចាស់ទ្រព្យ​យក​របស់របរ​មក​ប្រគល់​អោយគេ​ទាំង​ខ្លួន​មិន​ដឹង​ខ្លួន។

ហេតុការណ៍​នេះ​ បានកើត​ឡើង​ កាលពី​វេលា​ម៉ោង ​៧​និង​៣០​នាទី ព្រឹក​ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​ស្ត្រី​ជា​ជនរងគ្រោះ មានឈ្មោះ សន ច​ន្ធូ​ អាយុ ៤៩ ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ រីឯ​ស្វាមី​មាន​នាទី ជា​គ្រូ​បង្រៀន។

តាម​ការបំភ្លឺ​ពី​សាក្សី​ដ៏​សំខាន់​ម្នាក់​ដែល​ត្រូវជា​ក្មួយ​ឈ្មោះ ឆែម សាវត្ថី ភេទ​ប្រុស​ អាយុ ២៤ ឆ្នាំ បាន​បញ្ជាក់​ថា ក្រោយពេល​កើតហេតុ ​គឺ​ខ្លួន​បាន​ជិះ​ម៉ូតូ​កាត់​មុខផ្ទះ​មីង​ដែលជា​ជនរងគ្រោះ​ ក៏​បាន​ឮ​សម្រែក​ហៅ​ឈ្មោះ​ខ្លួន​យ៉ាងខ្លាំង ទើប​ខ្លួន​ក៏បាន​បត់​ម៉ូតូ​ចូលទៅ​មើល ក៏បាន​ឃើញ​មីង​ត្រូវគេ​ដាក់ច្រវាក់​នៅ​នឹង​ចង្កេះ​ជាប់​នឹង​សសរ​កណ្តាល​ក្រោម​ផ្ទះ ទើប​ខ្លួន​រ​​​ត់​ទៅ​ហៅ​អ្នកភូមិ​អោយចូល​មកជួយ គឺ​នៅពេលនោះ​មីង ( ស្ត្រី​រងគ្រោះ ) បាន​ចង្អុល​ទីកន្លែង​ដែល​ដាក់​កូនសោ​​ដើម្បីអោយ​ក្មួយ​យកមក​ចាក់​ចេញពី​សសរ។

​សាក្សី​បាន​បន្តថា នៅពេលនោះ​ទើប​ដឹងថា​មីង​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាច្រើន ទាំង​មិនដឹង​ខ្លួន​ដោយសារតែ​ស្ត្រី​រងគ្រោះ​បាន​អះអាងថា ចោរ​មាន​ថ្នាំ​សណ្តំ​ដាក់ ដើម្បី​ប្រមូលយក​គ្រឿង​អលង្ការ និង​លុយកាក់​អស់​គ្មាន​សល់​ ឯ​ខ្លួន​គ្មាន​ដឹង​ខ្យល់​អ្វី​ទាំងអស់។

នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន ​បាន​ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ ដោយ​បែរខ្នង​ទៅរក​ផ្លូវ ស្រាប់តែ​បានឮ​សំឡេង​មនុស្ស​ប្រុស​ម្នាក់​មក​ហៅ​ពីក្រោយ​ខ្នង​ថា សុំ​អញ្ជើញ​ធៀប​ការ​កូន ពេល​ដែល​ខ្លួន​ងាក​ទៅ​រក​ម្ចាស់​សំឡេង​ បានឃើញ​មនុស្ស​ប្រុស​ម្នាក់​ពាក់​អាវធំ ទំនង​ជាមាន​កាំភ្លើងខ្លី​នៅ​ចង្កេះ មាន​ពាក់មួក​សុវត្ថិភាព និង​មាន​ពាក់​ម៉ាស់ បាន​ហុច​ធៀប​ការ​មក ខ្លួន​ក៏បាន​ទទួលយក​រួច​ក៏​លែង​ដឹងខ្លួន​តែម្តង សូម្បីតែ​ការប្រមូល​យក​ប្រអប់​គ្រឿងអលង្ការ ​ដែល​ខ្លួន​លាក់ទុក​នៅ​ខាងក្រោយ​ទូ​ ក៏​មិនដឹងថា​ខ្លួន​ដើរទៅ​យក​អោយ​លោក​ចោរ​ដែរ រហូត​ចោរ​បាន​យក​ច្រ​វា​ក់មក​ចាក់​ចង្កេះ​ខ្លួន​ជាប់​ទៅនឹង​សសរ​កណ្តាល​ផ្ទះ។​

តាម​ការពិនិត្យ និង​សិក្សា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ដែល​មាន​កម្លាំង ខេត្ត​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ ដែល​មាន​លោក វេ គឹម​ចត់ អធិការរង ជា​អ្នកដឹកនាំ​កម្លាំង​ផង​នោះ គឺ​បា​ន​សង្កេត​ឃើញថា លុយ​ចំនួន ១៦​ម៉ឺន​ នៅក្នុង​កាបូប​លើ​គ្រែ មិនមាន​ការបាត់បង់​នោះទេ ហើយ​ទូរស័ព្ទដៃ​ស៊ែ​រី​ទំនើប​មួយគ្រឿង​ដែល​ដាក់​នៅក្បែ​កាបូប​លុយ​នោះ​ក៏​លោក​ចោរ​មិនបាន​យកទៅ​ដែរ ដោយឡែក​របស់​ដែល​បាត់បង់​រួមមាន​មាស ៣ តម្លឹង ប្លា​ទីន ១ តម្លឹង ( ទាំង ២ មុខ​នេះ​ម្ចាស់​មិនបាន​ដឹងថា ជា​ប្រភេទ​គ្រឿងអលង្ការ ឬ ក៏​ជា​ប្រភេទ​មាសសន្លឹក​នោះទេ ) លុយ​ចំនួន ២០ម៉ឺន​រៀល​ និង​ប្រាក់​ដុល្លារ​មួយ​ចំនួន​( ​ម្ចាស់​វង្វេង​មិន​ដឹង​ថា​ជា​ប្រភេទ​មាស​អ្វី ប៉ុន្តែ​ឈ្មោះ​ក្មួយ​នៅចាំ​ច្បាស់។

អាជ្ញាធរ​នៅ​ក្នុង​តំបន់​នៅ​បាន​បង្ហើប​អោយ​ដឹង​ថា ជនរងគ្រោះ​លេងឆ្នោត​បន្តិចបន្តួច ប៉ុន្តែ​មានការ​ជំពាក់​ប្រាក់​ធនាគារ ចំនួន ៧ ០០០ ដុល្លារ ហើយ​ថ្មីៗ​នេះ​ក៏បាន​លក់​ដីស្រែ​បាន​ចំនួន ៧ ០០០ ដុល្លារ​ដែរ ដោយឡែក​តុងទីន មិនមាន ប្រភព​ណាមួយ​អះអាងថា​លេង​ដែរ​ឬ​យ៉ាងណា​នោះទេ។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​លួងលោម​អោយ​ស្ត្រី​រងគ្រោះ​ដែល​កំពុងតែ​បដិសេធ​ថា​ មិន​ចង់​ទៅ​ជួប​មុខ​គ្រូពេទ្យ​នោះ ដើម្បីអោយ​គាត់​បាន​ទៅ​មន្ទីរពេទ្យ ងាយស្រួល​អោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យថា តើ​ជនរងគ្រោះ​មាន​ជាតិ​ថ្នាំ​សណ្ដំ ឬ​ថ្នាំពុល​នៅ​ក្នុង​ខ្លួន​ដែរ​ឬ​ទេ៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114