ព័ត៍មានទាន់​ហេតុការណ៏
Search

ទំហំ​ពាណិជ្ជកម្ម កម្ពុជា និង​បារាំង​មាន​ចំនួន ១,២៦ លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០១៨ ហើយ​៩១ ភាគរយ គឺជា​ការ​នាំ​ចេញពី​កម្ពុជា បារាំង

ភ្នំពេញ​ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង វេទិកា​ប្រចាំឆ្នាំ​របស់​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​បារាំង​នៅ​តាម​ប្រទេស​អាស៊ាន​កាលពី​ថ្មី​កន្លង​នេះ​ថា​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បារាំង បាន​ឈានទៅ​ដល់​ចំនួន ១,២៦ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ស្មើនឹង​កំណើន​ចំនួន ៩,២% ពី​ឆ្នាំ​២០១៧ ហើយ​៩១ ភាគរយ គឺជា​ការនាំ​ចេញពី​កម្ពុជា បារាំង។

នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អង្គពិធី​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភាព​បើកទូលាយ និង​គោលនយោបាយ​អនុគ្រោះ​ជាច្រើន​សម្រាប់​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ធុរកិច្ច ហើយ​តាមរយៈ​គោលនយោបាយ​គាំទ្រ​ធុរកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បារាំង បាន​ឈាន​ទៅ​ដល់​ចំនួន ១,២៦ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ស្មើនឹង​កំណើន​ចំនួន ៩,២% ពី​ឆ្នាំ​២០១៧ ដោយ ៩១% នៃ​ទំហំ​ពាណិជ្ជ​កម្ម​នេះ គឺជា​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​បារាំង​។

លោក រដ្ឋមន្ត្រី បាន​យក​វេទិកា​នេះ ជម្រាប​ជូន​អំពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការ​ធានា​បាន​សន្តិ​ភាព និង​ស្ថេរ​ភាព​នយោបាយ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ដើម្បី​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមទៀត ដោយ​ទាំងអស់​នេះ​ជា​ចក្ខុវិស័យ​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥​។

ក្រៅពីនោះ​ផង​ដែរ លោក រដ្ឋមន្ត្រី ក៏បាន​រំលឹក​អំពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ក៏ដូចជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ផ្សេងទៀត គឺ​ការចុះបញ្ជី​ស្រា​សាំ​ប៉ា​ញ ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ​នៅ​កម្ពុជា៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114