ព័ត៍មានទាន់​ហេតុការណ៏
Search

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បន្ត​ចូលរួម​ដាំ​កូនឈើ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​បៃតង​

​ភ្នំពេញ ​៖ នៅក្នុង​ជំហាន​ដ៏​មាន​សារសំខាន់​មួយទៀត​ឆ្ពោះទៅរក​កម្ពុជា​កាន់តែ​ស្រស់បំព្រង បៃតង និង​សុខ​ភាពល្អ ក្រុមការងារ​សង្គមរ​បស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​” បាន​បន្ត​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ដើម្បី​ដាំ​កូនឈើ ៥៧០ ដើម​នៅតាម​សាលារៀន​នានា​នៅក្នុង​ខេត្តកោះកុង​។

​រួមបញ្ចូល​ជាមួយនឹង​កូនឈើ​ដែល​ត្រូវបាន​ដាំ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​នៅក្នុង​គម្រោង​លើក​មុន ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​គោរព​ពាក្យសន្យា​របស់ខ្លួន​ដោយ​ឧបត្ថម្ភ​កូនឈើ​បង្គ្រប់ ១.០០០ ដើម​ដែលជា​ផ្នែក​មួយ​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​ស្តីពី​បរិស្ថាន និង​ការដាំ​កូនឈើ​។​

​លោក Pern Chen នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ បាន​មានប្រសាសន៍ថា ការការពារ​បរិស្ថាន មាន​សារសំខាន់​ណាស់ ខណៈ​ដើមឈើ​ផ្តល់​ខ្យល់​បរិសុទ្ធ​សម្រាប់​ជា​ប្រយោជន៍​ដល់​សុខភាព​របស់​ប្រជាជន​នៅក្នុង​សហគមន៍​។ ដើមឈើ គឺជា​ធនធាន​ដ៏​សំខាន់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​របស់​យើង​។ ដើមឈើ ជួយ​កាត់បន្ថយ​ខ្យល់​កខ្វក់ និង​កាត់បន្ថយ​ការប្រែប្រួល​នៃ​អាកាសធាតុ​។ តាម​ការសិក្សា​បែប​វិទ្យាសាស្ត្រ បាន​គណនា​ថា ដើមឈើ​ធំ​មួយ​ហិកតា អាច​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ក្នុង​មួយឆ្នាំ​ដែល​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​កាបូន​សម្រាប់​មនុស្ស ១០ នាក់​។

​លោក​បាន​បន្ថែមថា “​ដើមឈើ ក៏​ដើរតួ​ជា​ម៉ាស៊ីនត្រជាក់​ធម្មជាតិ​ដោយ​វា​ផ្តល់​ម្លប់ និង​កាត់បន្ថយ​សីតុណ្ហភាព​នៅ​កន្លែង​ដែល​នៅ​ជុំវិញ​ផងដែរ​។ ដូច្នេះ ការដាំ​កូនឈើ​នៅតាម​សាលារៀន​ក្នុង​ខេត្តកោះកុង នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​សិស្ស លោកគ្រូ​-​អ្នកគ្រូ និង​សហគមន៍ និង​ធ្វើ​ឲ្យ បរិយាកាស​សិក្សា​កាន់តែ​ប្រសើរឡើង​។ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន​ដាំ​កូនឈើ​ជាង ៣.៣០០ ដើម​ក្នុងប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៤ ហើយ​យើង​ក៏បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការថែរក្សា​បរិស្ថាន​ដែល​ផ្តល់​ដោយ​ក្រសួងបរិស្ថាន​ថែម​ទៀតផង​។ យើង​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​អាច​ចូលរួម​ជាមួយ​យើង និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ស្រស់បំព្រង​សម្រាប់​ខ្លួន​យើង និង​ក្មេងៗ​ជំនាន់​ក្រោយ​”​។

​លោកស្រី ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា “​កូនឈើ​ទាំង ១.០០០ ដើម​ដែល​បាន​ដាំ​នេះ គឺជា​ស្នាដៃ​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដែល​ជួយ​បង្កើន​គុណភាព​នៃ​ជីវិត​សម្រាប់​សិស្សានុសិស្ស និង​សហគមន៍​។ ក្រៅពី​ផ្តល់​ឲ្យ​យើង​នូវ​ខ្យល់​អុកស៊ីសែន​បរិសុទ្ធ ដើមឈើ​ក៏​ផ្តល់​ម្លប់​ដ៏​ត្រជាក់​ដល់​យើង ហើយ​វា​ក៏​ជា​ជម្រក​របស់​សត្វព្រៃ​ផងដែរ​។ ដើមឈើ មាន​សារសំខាន់​ច្រើនណាស់​”​។

​អភិបាលរង​ខេត្តកោះកុង លោក អន ភារៈ បានធ្វើការ​កត់សម្គាល់​ថា “​ឫស​ឈើ ស្រូបយក​ទឹកភ្លៀង និង​ទប់ស្កាត់​ការហូរ​ច្រោះ​នៃ​ដី​ដែល​ជួយ​កាត់បន្ថយ​ទឹកជំនន់​ដែល​បណ្តាល​ឲ្យ​សាលារៀន​បិទទ្វារ​។ ដូច្នេះ ដើមឈើ គឺជា​ធាតុ​សំខាន់​ដែល​ជួយ​ពួកយើង​ឲ្យ​ដំណើរការ​សាលារៀន​ថ្វី​ត្បិត​នៅក្នុង​រដូវ​ខ្យល់មូសុង​ក៏ដោយ​។

​លោក ង៉ែត ឡឹង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង បាន​និយាយថា “”​បរិស្ថាន​កាន់តែ​បៃតង នឹង​ផ្តល់​ភាព​រីករាយ និង​សេចក្តីសុខ​ដល់​សិស្សានុសិស្ស​ដែលជា​អនាគត​របស់​ប្រទេសជាតិ ដូច្នេះ​យើង​គាំទ្រ​កម្មវិធី​នេះ​ពេញទំហឹង​”​។

​លោក ផូ ប៊ុនធឿន នាយក​វិទ្យាល័យ​កោះកុង បានបញ្ជាក់​ពី​ការគាំទ្រ និង​ស្វាគមន៍​ការដាំ​កូនឈើ​ថ្មី​បន្ថែម​នេះ​នៅតាម​សាលារៀន​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស និង​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​សហការ​បង្កើត​កម្ម​វិធី​បរិស្ថាន​នេះ​ឡើង​”​។

​គួរ​បញ្ជាក់ថា​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស

​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែលមាន​គោលបំណង​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ ការលើកកម្ពស់​វិស័យ​អប់រំ ការផ្សារភ្ជាប់​ជាមួយ​ក្នុង​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ២០០.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114