ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​អន្តោប្រវេសន៍​ ចុះ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩​នាក់ ក្នុងចំណោម​២៨​នាក់​ដែល​សង្ស័យ​ធ្វើការ​ងារ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ ​៖​ ជនបរទេស​ដែល​កំពុង​ពួន​សម្ងំ​រស់នៅ​ និង​ធ្វើ​ការងារ​មិន​ស្របច្បាប់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ ត្រូវ​បាន​​​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឆ្មក់​ចាប់​បង្ក្រាប​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៩​នាក់​ក្នុងចំណោម​២៨​នាក់​ព្រោះតែ​ពួកគេ​ទាំង​នោះ​ បាន​លួច​ឆ្លងដែន​ចូល​មក​ស្នាក់នៅ គ្មាន​លិខិតឆ្លងដែន និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​របស់​លោក សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ នៅ​តាម​បណ្តោយ​ស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​១០០ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដោយ​ត្រួត​ពិនិត្យឃើញ​កម្មករ ចំនួន​៤០​នាក់ ស្រី​៥​នាក់ ក្នុងនោះ​មាន​ជនបរទេស ជា​ជន​ជាតិ​ចិន​ចំនួន​២៨​នាក់ សង្ស័យ​លួច​ឆ្លងដែន​ចូល​មក​ស្នាក់នៅ គ្មាន​លិខិតឆ្លងដែន និង​ធ្វើការ​ដោយ​ខុសច្បាប់​។

លោក​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹង​ទៀតថា ​ជា​លទ្ធផល នៃ​ការសាកសួរ ជនជាតិ​ចិន​ទាំង​២៨​នាក់ មាន​ចំនួន​១៩​នាក់ មាន​លិខិតឆ្លងដែន (​គ្មាន​ប័ណ្ណ​ការងារ​) និង​ជនជាតិ​ចិន​ចំនួន​០៩​នាក់ មិន​មាន​លិខិតឆ្លងដែន​។

មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ បាន​ឲ្យ​ដឹងថា ជាទូទៅ​ពេល​ឃាត់ខ្លួន​ហើយ​ជនបរទេស​អន្តោប្រវេសន៍​ទាំងអស់ នឹង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ការ​ចូលមក​ធ្វើ​ការងារ​ជា​កម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រសិនបើ​គ្មាន​លិខិតស្នាម​ស្របទៅតាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា​ទេនោះ នឹង​ត្រូវ​ប្រឈមមុខ បណ្តេញ​ទៅ​ប្រទេស​ដើម​វិញ​។ តែ​មុន​នឹង​បណ្តេញចេញ សមត្ថកិច្ច​កម្ពុជា​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​ស្ថានទូត​របស់​ប្រទេស​នីមួយៗ​ឲ្យ​មក​ពិនិត្យ និង​បំពេញ​ឯកសារ​ទទួលយក​ជន​ជាតិ​របស់ខ្លួន​ត្រឡប់​ទៅវិញ​ប្រសិនបើ​មន្ត្រី​ស្ថានទូត មិន​ទទួលស្គាល់​ជនបរទេស​អន្តោប្រវេសន៍​ទាំងនោះ ក៏ត្រូវ​បណ្តេញ​ចេញទៅ​ប្រទេស​ដើម​វិញ​ផងដែរ​។​

បច្ចុប្បន្ន​ជនជាតិ​ចិន​ចំនួន​០៩​នាក់ (​គ្មាន​លិខិតឆ្លងដែន​) ត្រូវបាន​យកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត និង​ដកហូត​លិខិតឆ្លងដែន ចំនួន​១៩​ក្បាល គ្មាន​ប័ណ្ណ​ការងារ យកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​៕​

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114