ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៦៤​លាន​ដុល្លារ​អាមេរិក

កណ្ដាល​ ៖​ កាលពី​ថ្ងៃ​ពុធ ១០​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក​កខ្វក់ ការ​ត​បណ្ដាញ​លូ និង​ការស្ដារ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

ការស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក កា​រត​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​ការស្ដារ​ស្ទឹង​នេះ គឺធ្វើឡើង​ក្រោម​គម្រោង​កម្ចី​ឥណទាន​សម្បទាន​របស់​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ នូវ​ទឹកប្រាក់​ប្រមាណ ៦៤​លាន​ដុល្លារ​អាមេរិក ក្នុង​គោលបំណង​ដើម​រក្សាបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អនាម័យ​ល្អ បរិស្ថាន​ស្រស់បំព្រង ការពារ​ទឹកជំនន់ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។​

សូមបញ្ជាក់​អោយដឹងថា អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំណុះ ៧៦០០​ម​៣/​ថ្ងៃ ចំណែកឯ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង​១០​ទីតាំង​មាន​សមត្ថភាព​បូម​បាន ២៩៩៥២​ម​៣/​ថ្ងៃ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ប្រចាំឆ្នាំ ប្រកបដោយ​ស្ថិរភាព និង​រឹងមាំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ដែលជា​កត្តា​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក ក៏​ដូច​សម្ភារៈ​ផ្សេងៗ​មានការ​កើនឡើង ព្រមទាំង​ធ្វើឱ្យមាន​ការហូរចូល​នូវ​វិនិយោគ​ចម្រុះ​រួមមាន ការសាងសង់​អគារ ខុន​ដូរ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ធ្វើឱ្យ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​ផងដែរ​៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114