ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ម្នាក់​ ដណ្តើម​ឈើ​ជ្រុង​ពី​ជនរងគ្រោះ រួច​វាយ​ពីក្រោយ​បណ្តាល​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០១​នាក់ ដណ្តើម​ឈើ​ជ្រុង​ពី​ជនរងគ្រោះ រួច​វាយ​ពីក្រោយ​បណ្តាល​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ តែ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា សហ​ការ​​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កម្លាំង​ផ្នែក​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៥ និង​៥០​នាទី ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់ចំណុច តាម​ផ្លូវលំ មុខផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ក្នុងករណីនេះ​ឈ្មោះ ហេង ចាន់​សុផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​(​ពិការ​កជើង​) មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កែម គី​រី​វុ​ទ្ធ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​រ៉ឺម៉ក​កង់​បី មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ មាន​ស្នាម​ដាច់​រយះ​សាច់​ស្លឹកត្រចៀក​ខាងឆ្វេង​ចំនួន ១​កន្លែង​​ ស្នាម​ដាច់​រយះ​លើ​ក្បាល​ផ្នែក​ខាងឆ្វេង និង​ផុង​លលា​ក្បាល​ចំនួន ០១​កន្លែង។ សម្ភារៈ​ដកហូត​​ មាន​​ឈើ​ជ្រុង​ទំហំ ៤​ហ៊ុន​x៨​ហ៊ុន ប្រវែង ១,៣០​ម៉ែត្រ ចំនួន ០១​ដើម​។ ​​​​

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ចុះ​ពីលើ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ដើរ​ចុះ​មក​ផ្ទះ ពេល​ដើរ​ដល់​ពាក់​កណ្តាលផ្លូវ ជនរងគ្រោះ​ក៏បាន​រើស​ឈើ​ជ្រុង​ទំហំ ៤​ហ៊ុន​x៨​ហ៊ុន ប្រវែង ១,៣០​ម៉ែត្រ​កាន់​នឹង​ដៃ រួម​ក៏​ដើរមក​ផ្ទះ​បន្ត ពេល​ដើរ​មកដល់​ជិត​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់យក​ឈើ​ជ្រុង​ពី​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​ក្បាល​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​នៅ​នឹង​ដី ហូរឈាម​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។ ក្រោយពី​ធ្វើ​សកម្មភាព​រួម​មក ជនសង្ស័យ​ក៏បាន​យក​ឈើ​ជ្រុង​ទៅ​លាក់ទុក​នៅក្រោម​គ្រែ​និង​សម្ងំ​ដេក​នៅក្នុង​ផ្ទះ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ​រួម​មក ប្រពន្ធ​ជនរងគ្រោះ ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​រកា ក៏បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ​ការពារ​កន្លែងកើតហេតុ និង​រាយការណ៍​មក​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ទីតាំង​ត្រួតពិនិត្យ និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​។​

​សន្និដ្ឋាន​និង​វាយតម្លៃ តាម​ការបំភ្លឺ​ជុំវិញ​កន្លែងកើតហេតុ និង​ការពិនិត្យ​ជាក់ស្តែង​របស់​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ការពិនិត្យ​របស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ និង​ចម្លើយសារភាពរ​បស់ជន​ស​ង្ស័​យ ករណី​ខាងលើនេះ ពិតជា​ករណី​មនុស្សឃាត​(​យក​ឈើ​ជ្រុង​វាយ​ឲ្យ​ស្លាប់​)​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​៕

ដោយ ៖ ឧ​ត្ត​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114