ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី​និង​ចូលរួម​សន្និសីទ​កំពូល CICA លើក​ទី ៥

ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៣ មិថុនា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ ហុង​គ្រី​ និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ ស្តីពី​“​អន្តរសកម្មភាព​និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​” នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ពីថ្ងៃ​ទី​១៣-១៥ ខែមិថុនា ឆ្នាំ​២០១៩​ តប​តាម​ការ​អញ្ជើញ​របស់​លោក វី​កទ័រ អ័​របា​ន (Vikto Orbán)​នាយករដ្ឋមន្ត្រី​ហុង​គ្រី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន​(Emomali Rahmon)​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន។

នោះ​អាច​ចាត់ទុកថា ជា​ដំណើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ទាប់ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ពង្រឹង​ឡើងវិញ ដោយសារ​ថា ប្រទេស​ហុង​គ្រី​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​ប្រទេស​សហគមន៍​អឺរ៉ុប​ដែល​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។ តាមពិត​ប្រទេស ហុង គ្រី ធ្លាប់មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​តាំងពី​យូរ​មកហើយ ពិសេស​បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ប្រទេស​ហុង​គ្រី​ដែល​ស្ថិតនៅ​ក្នុងប្រទេស​អឺរ៉ុប​ខាងកើត ដែល​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន។​

​យន្តហោះ​ពិសេស​ដែល​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នឹង​ហោះហើរ​រយៈពេល ១១ ម៉ោង​ទើប​ចុះចត​នៅ​ប្រទេស​ហុង​គ្រី។ នៅក្នុង​ប្រទេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេ​​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ហុង​គ្រី និង​ពិធីជប់លៀង​ផ្លូវការ​។​បន្ទាប់មក​នៅ​ថ្ងៃទី​១៤ ខែមិថុនា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ប្រធានាធិបតី​ហុង​គ្រី និង​ប្រធានសភា​ហុង​គ្រី។​

​បើ​យោងតាម លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រោយ​ជំនួប​ចរចា​ភាគី​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៣ ដែល​ក្នុងនោះ​រួមមាន​៖

​ទី​១.​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​ជា​មួយ​ក្រសួងពាណិជ្ជកម្ម និង​ការបរទេស​របស់​ហុង​គ្រី ។

​ទី​២.​អនុស្សរណៈ​ស្តីពី​ការផ្លាស់ប្តូរ​វិស័យ​អប់រំ​រវាង​ក្រសួង​អប់រំ​កម្ពុជា​ជាមួយ​ក្រសួង​ធនធានមនុស្ស​នៃ​ប្រទេស ហុង​គ្រី

​ទី​៣.​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​វិស័យ​សេដ្ឋកិច្ច​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី ។​

​បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី ពី​ឆ្នាំ​២០១៨ ដល់​២០២០ (5th CICA Summit) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៩។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹង​ថ្លែង​សុន្ទរកថា ដ៏​សំខាន់​មួយ​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន​ដែល​ជាការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី​និង​ចែករំលែក​ទស្សន​ស៊ីជម្រៅ​ថា អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង នយោបាយ​តាមរយៈ​ការពង្រឹង ជំនឿ​ទំនុកចិត្ត​និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ។​

​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជី​គី​ស្ថាន​និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​ដូចជា​លោក​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រ​ធា​ធិបតី កៀក​ស៊ី​ស្តា​ន ប្រធានាធិបតី​កា​ហ្សា​ស្ថាន ដែល​បាន​ឆ្លើយតប​រួចហើយ និង​មាន​មួយ​ចំនួនទៀត​ដែល​យើង​មិនទាន់បាន​ឆ្លើយ តប​ដោយសារ​បញ្ហា​ពេលវេលា ។​

​​CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន​ក្នុង​វិស័យ​មួយចំនួន​ដូចជា​សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​នៅ​អាស៊ី​និង​ពិភពលោក​ទាំងមូល។ បច្ចុប្បន្ន​សន្និសីទ​នេះ​មាន​សមាជិក​អចិន្រៃ្តយ៍​ចំនួន​២៧​ប្រទេស​ ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១។​

​ប្រតិភូ​អមដំណើរ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិ​ជ្ជ​កម្ម​និង​សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត។​

តាម​កម្មវិធី​គ្រោងទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114