ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេអ៊ូល​និយាយថា ប្អូនស្រី​របស់លោក គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​តំបន់​គ្មាន​យោធា​ដែល​បែងចែក​កូរ៉េ​ទាំងពីរ

ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បាន​និយាយថា ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុន​អ៊ុន បានធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​យោធា​ដែល​បែងចែក​កូរ៉េខាងជើង​ពី​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​អតីត​ស្ត្រី​ទីមួយ​របស់​កូរ៉េខាងត្បូង​គឺ​លោកស្រី Lee Hee-ho ។​

​យោងតាម​ក្រសួង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បាន​និយាយថា លោកស្រី Kim Yo Jong នឹង​ទៅ​ទស្សនា​ភូមិ​ព្រំប្រទល់​ក្រុង Panmunjom នៅពេល​ល្ងាច។ លោកស្រី​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួប​មន្ត្រី​កូរ៉េខាងត្បូង។​

​លោកស្រី Lee Hee-ho ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ស្ត្រី​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Dae-jung ដែល​បាន​ក្លាយជា​មេដឹកនាំ​កូរ៉េខាងត្បូង​ដំបូង​គេ​ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល ក្នុង​ឆ្នាំ ២០០០។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Kim Yo Jong កើតមានឡើង​មួយឆ្នាំ បន្ទាប់ពី​បងប្រុស​របស់លោក​ស្រី និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមព្រៀងគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​អាមេរិក និង​កូរ៉េខាងជើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​កាត់បន្ថយ​ភាពភ័យខ្លាច​នៃ​សង្គ្រាម ខណៈដែល​កិច្ចចរចា​ទាំង​នោះបាន​ផ្អាក ហើយ​កិច្ចសន្យា​អន្តរ​កូរ៉េ​បាន​ថយចុះ។​

​លោក Kim Dae-jung ដែលជា​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ ១៩៩៨-២០០៣ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ​គោលនយោបាយ “Sunshine” នៃ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង។ កា​រ​បន្ថូរបន្ថយ​កាលពី​ឆ្នាំមុន​រវាង​កូរ៉េ​ទាំងពីរ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​រស់​ឡើងវិញ​នៃ​គោលនយោបាយ​នោះ។​

​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅតែមាន​សង្គ្រាម​នៅឡើយ​ពីព្រោះ​ជម្លោះ​ចន្លោះ​ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់​នៅក្នុង​បទ​ឈប់​បាញ់​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​ទេ។​

​កាលពី​ឆ្នាំមុន​មាន​កិច្ចប្រជុំ​ជាន់ខ្ពស់​មួយចំនួន​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​រួមទាំង​កិច្ចប្រជុំ​កំពូល​ចំនួន​បី​រវាង​លោក គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ។​

​សូមបញ្ជាក់ថា លោកស្រី Kim Yo Jong ក៏​ធ្លាប់​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយ​ក៏បាន​ចូលរួម​ជាមួយ​បងប្រុស​របស់លោក​ស្រី​នៅឯ​កិច្ចប្រជុំ​កំពូល​ផងដែរ ៕ REUTERS

ដោយ ៖ ជី​វ័​ន្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114