ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​មេការ​សំណង់​ម្នាក់​ពី​បទ​ឆបោក​ ចេញ​សែក​គ្មាន​លុយ​ជិត​២​ម៉ឺន​ដុល្លារ​យក​មក​ទូទាត់​សង​ថ្លៃ​ទំនិញ​

ភ្នំពេញ ​៖​ អ្នកម៉ៅការ​សំណង់​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់ខ្លួន​តាម​ការ​ប្តឹងផ្តល់​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​មួយ រកស៊ី​លក់​ល្បាយ​បេតុង កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់​ពីបទ​បោក ចេញ​សែក​គ្មាន​ទឹក​លុយ​ជិត​២​ម៉ឺន​ដុល្លារ យក​មក​ទូទាត់​ថ្លៃ​ទិញ​ល្បាយ​បេតុង​ដែល​បាន​ជំពាក់​។​

ឈ្មោះ សួង ស៊ីន ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់ មាន​ទី​លំ​នៅ​ផ្ទះជួល​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ជា​ជន​ដែល​រង​ការចោទប្រកាន់​និង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ។

លោក ហ៊ុន ឡេង អាយុ ២៧​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន ដ្រេ​ហ្គ​ន ស៊ី​ធី​ខន​គ្រី​ត ជាដើម​បណ្តឹង​​ ​​ករណីនេះ​ បាន​ បញ្ជាក់ថា​៖ កន្លងមក​កាលពី​ថ្ងៃទី​៣០ខែមេសា ឆ្នាំ​២០១៩ ឈ្មោះ សួង ស៊ីន បានមក​បញ្ជា​ទិញ​ល្បាយ​បេតុង​ពី​ក្រុម​ហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ខន​គ្រី​ត ដោយ​ពុំទាន់​បាន​ទូទាត់​លុយ​នៅឡើយ​ដែលមាន​តម្លៃ សរុប​ចំនួន​១៨ ២៤០​ដុល្លារ​អាមេរិក ដោយ​សន្យាថា ក្រោយពេល​ចាក់​បេតុង​រួច​រយៈពេល​១៤​ថ្ងៃ​ទើប​យក​លុយ​មក​ទូទាត់​អោយ​ក្រុមហ៊ុន។

ដើមចោទ​បាន​បញ្ជាក់ថា​៖ ក្រោយ​មកដល់​ថ្ងៃ​សន្យា​ឈ្មោះ សួង ស៊ីន នេះ​ពុំបាន​យកលុយ​មក​សង​ទេ លុះ​ពេល​ក្រុមហ៊ុន​ហៅ​អោយមក​ដោះស្រាយ​សំណង​គេ​ក៏​បានចេញ​មូលប្បទានប័ត្រ​ឬ​ហៅថា សែក​ចំនួន​មួយ​សន្លឹក​លេខ 801564 របស់​ធនាគារ​ស្ថាបនា ដែល​សែក​នេះ​បញ្ជាក់ថា មានតម្លៃ​លុយ​ចំនួន​១៨ ២៤០ ដុល្លារ​ ដោយ​ដាក់​កាលបរិច្ឆេទ​កំណត់​ឲ្យ​ទៅ​បើក​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា ​ឆ្នាំ​២០១៩ ប៉ុន្តែ​នៅពេល​ទៅ​បើក​លុយ​នៅថ្ងៃនោះ​ ក៏​ស្រាប់តែ​ខាង​បុគ្គលិក​ធនាគារ គេ​ប្រាប់ថា សែក នេះ​គ្មាន​សាច់ប្រាក់​ទេ សូម្បីតែ​១​រៀល​។​

នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅពេលដែល​ខាង​ក្រុម​ហ៊ុន បាន​ហៅ​ជនសង្ស័យ​នេះ​មក​ដោះស្រាយ គេ​នៅតែ​គ្មាន​លុយ​យកមក​សង​ទៀត ទើប​សម្រេចចិត្ត ហៅ​ប៉ូលិស​មូលដ្ឋាន​អោយមក​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​តែម្តង​ដោយ​ខាង​តំណាង​ក្រុមហ៊ុន​បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​យកទៅដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​តុលាការ​នៅ​ទីស្នាក់ការ​នគរបាល​រ​ដ្ឋបាល​ប៉ុស្តិ៍​ឃ្មួញ​។​

​នៅពេល​សមត្ថកិច្ច​បាន​យក​ឯកសារ​មក​បង្ហាញ​និង​សួរនាំ​ពី​ដំណើររឿង ភាគី​ខាង​ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​ជំពាក់​លុយ​ជន​ដើមចោទ​ពិតមែន​ ដោយសារ​គ្មាន​លុយ​សង ព្រោះ​គេ​ជំពាក់​ដែរ​មិនទាន់​អោយ​លុយ​អស់​៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114