ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល ​បន្ត​នីតិវិធី​ករណី​ជួញដូរ​អាវុធ ​ឈាន​ដល់​ការ​រក​ឃើញ​កាំភ្លើងខ្លី​កែច្នៃ​ចំនួន​២​ដើម​ និង​គ្រាប់​ចំនួន​៥០​គ្រាប់

សៀមរាប​ ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​សហការ​ល្អ​រវាង​ពលរដ្ឋ​ និង​សមត្ថកិច្ច ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បន្ត​ការស្រាវជ្រាវ​បន្ថែម​ឈាន​ដល់​ការ​រក​ឃើញ​កាំភ្លើងខ្លី​កែច្នៃ​ចំនួន​២​ដើម ​និង​គ្រាប់​ចំនួន​៥០​គ្រាប់​ថែមទៀត​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា ៖ ​ដោយមាន​ការ​សហការ​ល្អ​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បន្ត​ការស្រាវជ្រាវ​បន្ថែម​ឈានដល់​ការរកឃើញ​កាំភ្លើងខ្លី​កែច្នៃ​ចំនួន​២​ដើម​ និង​គ្រាប់​ចំនួន​៥០​គ្រាប់។

សូម​រម្លឹក​ថា សមត្ថកិច្ច​បង្ក្រាប​នាំចេញ នាំចូល និង​ច្នៃ​អាវុធ គ្រាប់រំសេវ​ខុសច្បាប់​ កាលពី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ​ បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រមទាំង​អាវុធ​ជាច្រើន​ដើម​ផង​ដែរ។

លោក​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ នេះ ​លោក ហង្ស សុផាត​ភី​រម្យ​ នាយ​​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ (​មនុស្ស​ស្រី​)​ថា​ គាត់​បាន​មើល​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​សមត្ថកិច្ច​បង្ក្រាប​ករណី​ផលិត ឬ​ធ្វើ​ចរាចរ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ​​​​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្នុងចំណោម​នោះ​ជនសង្ស័យ​ទាំងបី​នាក់ មាន​ម្នាក់​គាត់ ស្គាល់។ គ្រានោះ សមត្ថកិច្ច​ក៏​ទៅ​សួរដេញដោល​គាត់ បាន​ព័ត៌មាន​ភ្លាមៗ​ រួច​ក៏​ចុះទៅ​ឆែកឆេរ​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ជា​លទ្ធផល ដកហូត​បាន​កាំភ្លើងខ្លី​ពីរ​ដើម​៖១.​ម៉ាក​RETAY X Pro ពណ៌​ខ្មៅ លេខ​RXFY១៨១០០៤០៩៥ និង​បង់​ចំនួន​០១​។​ ២.​ម៉ាក​G-Lock ពណ៌​ខ្មៅ លេខ​DMD០៧៦​។​៣.​គ្រាប់​ពិត​ចំនួន​៥០​គ្រាប់​។​

បច្ចុប្បន្ន​អាវុធ​ចំនួន​០២​ដើម​ខាងលើ និង​គ្រាប់​ចំនួន​៥០​គ្រាប់ កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114