ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចិ​ត្រា ជួប រិ​ទ្ធ អៃរ៉ា ឯ យ៉េន ឌី​ណា ជួប ហា​ឆ្លាម នៅ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ​

​ឡៅ ចិ​ត្រា អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​Wurkz របស់​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ទី​១៥​ មិថុនា​ ២០១៩​នេះ។

​អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា ឡៅ ចិ​ត្រា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​ឈ្មោះ​រិ​ទ្ធ អៃរ៉ា (Rithiara Luk muengpet ch)​ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក ។​

​ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​នៅក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ នៅក្នុង​ក្នុងស្រុក​ខ្មែរ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រាប់​ភ្លេច​ទៅហើយ ហើយ​លទ្ធផល​វិញ​នោះ គឺ​ឈ្នះ​សឹងតែ​គ្រប់​ការប្រកួត​ទាំងអស់ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ​។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (០៩​មិថុនា​២០១៩) គេ​បាន​វាយ​ឈ្នះ​កង ស្យាម (Kong Siam) មុន​បញ្ចប់​ទឹក​ទី​៥ ។​

​ឡៅ ចិ​ត្រា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០ លើក ក្នុងនោះ​ឈ្នះ ៧៣​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ​។ ដូច្នេះហើយ​​ ការប្រកួត​លើក​នេះ គេ​មាន​ជំនឿ​ជាក់​ថា​ឡៅ ចិ​ត្រា អាច​យកឈ្នះ​រិ​ទ្ធ អៃរ៉ា បាន​មិនខានឡើយ ។​

​​រិ​ទ្ធ អៃរ៉ា ជា​ជើង​ខ្លាំង​ជើងចាស់ ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ ហើយ​គេ​ធ្លាប់​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ម្នាក់​ហើយ គឺ វៀក ប៊ុន​ឌឿ​ន តែ​គេ​ក៏​ទើប​ចាញ់​សិស្ស​ប្អូន​របស់​វៀក​ប៊ុន​ឌឿ​ន​វិញ​ដែរ គឺ​តា​ញ់​មករា លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ ។

​ហេតុនេះ រិ​ទ្ធ អៃរ៉ា ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា នេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​ជាង តា​ញ់ មករា ទៅទៀត។ អៃរ៉ា បើ​ចង់​ឈ្នះ​ឡៅ ចិ​ត្រា​នោះ គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២០​លើក ដោយ​វាយ​ឈ្នះ​៨៩​លើក ចាញ់​២៧​លើក និង ស្មើ​០៤​លើក ។ ចាំមើល រវាង​ឡៅ ចិ​ត្រា និង រិ​ទ្ធ អៃរ៉ា តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ? ។​

​ចំពោះ យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហា​ឆ្លាម ស៊ីត ភូ​ផេ​ន​ទូ (Ha Chhlam Site.Phuphentou) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ ។

​ឌី​ណា ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ជើងចាស់​ម្នាក់​។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​មិនតិច​លើក​នោះទេ ។ ឌី​ណា មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨១ លើក ឈ្នះ ៦៥​លើក ចាញ់​១២ លើក និង ស្មើ​០៤​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ឌី​ណា​អាច​យកឈ្នះ ហា​ឆ្លាម បាន​ឬក៏​អត់​នោះទេ ? ។ យ៉េន ឌី​ណា គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​(៨​មិថុនា​២០១៩) វាយ​ឈ្នះ ផាក ភូម (Park Phoum) ដោយ​ពិន្ទុ ។​

​អ្នក​ប្រដាល់​ថៃ ហា ឆ្លាម នេះ ក៏​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ស្រុកថៃ​ដែរ ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨៣ លើក ឈ្នះ​៦៩​លើក និង ចាញ់​១៤​លើក មិនដែល​ស្មើ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៤-៥​ដង​ហើយ ។​

​យ៉ាងណា ការជួបគ្នា​រវាង​យ៉េន​ឌី​ណា និង ហា ឆ្លាម នេះ មិនអាច​ទាយ​មុន​បានទេ ព្រោះថា​ឌី​ណា បើ​គេ​មានការ​ហ្វឹកហាត់​ដិតដល់​ជាប់លាប់ គឺ​ហា ឆ្លាម ពិបាក​យកឈ្នះ​ដែរ តែ​យ៉ាងណា​ឌី​ណា រាង​យ៉ាប់​ជាមួយ​ហា ឆ្លាម ។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​អ្នក​ប្រដាល់​ពីរ​នាក់​នេះ ប្រកួត​គ្នា​ដើម្បី​ដណ្តើម​រង្វាន់​ប្រា​ក់លាន៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114