ព័ត៍មានទាន់​ហេតុការណ៏
Search

វគ្គ​ជម្រុះ World Cup ៖ ​ដំណឹង​វិវត្តន៍​មួយចំនួន​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឆ្លង​ផុត​ទៅ​ជុំ​ទី​២​ប្រចាំ​ទ្វីបអាស៊ី

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​ប្រទេស​កាតារ ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ខាងមុខ ក្រោយ​យកឈ្នះ​លើ​ក្រុម​ប៉ា​គី​ស្ថាន ទាំង​២​ជើង​ដោយ​លទ្ធផល​៤​ទល់​១ កាលពីពេល​ថ្មីៗ ខណៈ​ក្រុម​ទាំងមូល​បានធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​ហើយ​ក្រោយ​បញ្ចប់​ការប្រកួត​ជើង​ទី​២​។​

សូមបញ្ជាក់ថា ​លទ្ធផល​ប្រកួត​ជើង​ទី​១​នៅ​រាជធានី​ភ្នំពេញ ក្រុម​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល​២​ទល់​០ ហើយ​លទ្ធផល​ជើង​ទី​២​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតារ (​ទឹកដី​កណ្ដាល​) ក្រុម​កម្ពុជា បន្ត​យកឈ្នះ​ទៀត​ដោយ​លទ្ធផល​២​ទល់​១​។ គ្រាប់​បាល់​ទាំង​៤​គ្រាប់​របស់​កម្ពុជា រកបាន​ដោយ​កីឡាករ សៀង ច​ន្ធា​, គួច សុក​ម្ភៈ​, សែ​ប រ៉ូ​ស៊ី​ប និង​រ៉ឹ​ម ប៊ុន​ហៀ​ង​។ ពេលនេះ​ក្រុម​កីឡាករ​កម្ពុជា ទាំងមូល​បានធ្វើ​ដំណើរ​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​។​

​សូមបញ្ជាក់ថា ​ក្នុង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup តម្រូវឱ្យ​សមាជិក​ចំនួន​៤៦​ប្រទេស​ប្រកួត​ជម្រុះ​៤​វគ្គ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​កៅអី​កន្លះ តំណាងឱ្យ​ទ្វីបអាស៊ី​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​មកពី​ជុំវិញ​ពិភពលោក​។ ចំណែក​វគ្គ​ជម្រុះ​បឋម​មាន​ក្រុម​ចំនួន​៦​គូ​គឺ​ក្រុម​ម៉ុង​ហ្គោ​លី ឈ្នះ​ប្រ៊ុយណេ ៣​ទល់​២ ហើយ​ម៉ា​កាវ ជួប​ស្រីលង្កា (​មាន​បញ្ហា​មិនទាន់​ដោះស្រាយបាន​ក្នុង​ប្រកួត​ជើង​ទី​២) ហើយ​ឡាវ ចាញ់​បង់​ក្លា​ដេ​ស ១​ទល់​០ ម៉ាឡេស៊ី ឈ្នះ​ទី​ម័​រ​ខាងកើត ១២​ទល់​២ និង​ប៊ូ​តង់ ចាញ់​កោះ​ហ្គា​ម​៥​ទល់​១​។​

​តាម​គម្រោង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​ចំនួន​២​ជើង​ដែលមាន​៦​ក្រុម​នេះ​មានឈ្មោះ​ឡើងទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែលជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាងឱ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១​។​

​ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ជាប់​ឈ្មោះ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​មានដូចជា សេត រ៉​ស៊ី​ប មកពី​ក្លិប​បឹងកេត កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង​, អ៊ុំ វិចិត្រ មកពី​ក្រសួងការពារជាតិ គូ​ច ដា​នី​, គួច សុ​កុម្ភៈ​,​សុះ ស៊ូ​ហា​ណា មកពី​ណាហ្គា​វើ​ល កីឡាករ អន ចាន់​ប៉ូ​លីន​, សា​វែង សំណាង​,​សឿត បារាំង​,​យ៉ើ សា​ហ្វី មកពី​ក្រុម​ភ្នំពេញ​ក្រោ​ន កីឡាករ ឃៀង ម៉េង​ហ៊ូ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, សារ៉េត គ្រី​យ៉ា និង​សឿ​យ វិសាល មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​,​កែវ សុខ​ផេង​,​កែវ សុខ​សិលា​, អ៊ុក សុវណ្ណ មកពី​ក្លិប​វិសាខា កីឡាករ ឈង ប៊ុន​ណាត មកពី​អង្គ​រថា​យ​ហ្គឺ​រ សៀង ច​ន្ធា មកពី​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​, ប៊ិន ចន្ថា​ជា​រី របស់​ក្លិប Terengganu FA មកពី​ម៉ាឡេស៊ី​៕​

ដោយ ៖ ម៉េង ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114