ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម ​បង្កើន​ការគាបសង្កត់​លើ​អ្នក​ផ្សាយពាណិជ្ជកម្ម​លើ YouTube

ប្រទេស​វៀតណាម​ បានស្នើ​ក្រុមហ៊ុន​ជាច្រើន​មិនឱ្យ​ដាក់​ការផ្សាយពាណិជ្ជកម្ម​លើ​វីដេអូ​ណា​ដែល​បង្ហោះ​ដោយ​ក្រុមហ៊ុន YouTube របស់ Google ដែលមាន​លក្ខណៈ “​ឃោសនា​ប្រឆាំង​រដ្ឋ​” នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ស្រប​ពេលដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ​ចាប់ផ្ដើម​បង្កើន​ការដាក់​សម្ពាធ​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទូទាំង​ពិភពលោក​។​

​ទោះបី​ជាមាន​កំណែទម្រង់​សេដ្ឋកិច្ច​និង​មានការ​កើនឡើង​នៃ​ការបើកចំហ​ឱ្យមាន​ការផ្លាស់ប្ដូរ​ក្នុងសង្គម​ក្ដី​ក៏​គណ​បក្សកុម្មុយនិស្ត​ដែល​កំពុងកាន់​អំណាច​នៅតែ​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​ក្នុងប្រទេស​វៀតណាម​និង​មិន​អត់ឱន​ចំពោះ​ការប្រឆាំង​យោបល់​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម (VNA) បានឱ្យដឹង​ដោយ​អនុលោម​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​និង​ទំនាក់ទំនង​កាលពី​ថ្ងៃ​៧​មិថុនា​នេះ​ថា “Google ត្រូវបាន​គេ​រកឃើញថា​មានការ​ធូររលុង​ក្នុងការ​ត្រួតពិនិត្យ​មាតិកា​របស់ខ្លួន​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទិញ​ការផ្សាយពាណិជ្ជកម្ម​ដោយផ្ទាល់​ពី YouTube និង Google តែម្ដង​ដោយ​គ្មាន​ការចូលរួម​ពី​ភ្នាក់ងារ​ពាណិជ្ជកម្ម​ក្នុងស្រុក​ឡើយ​។​”

​ក្រសួង​ខាងលើ​បាន​រាយ​ឈ្មោះ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ដូចជា Samsung Electronics, Huawei Technologies, Yamaha Motors និង​កម្មវិធី​ដឹក​អ្នកដំណើរ​ដោយ​ប្រើ​កម្មវិធី​ទូរ​សព្ទ Grab ដែល​ត្រូវបាន​រកឃើញថា​បាន​ផ្សាយពាណិជ្ជកម្ម​លើ​វីដេអូ​ដែលមាន​មាតិកា​ខុសច្បាប់​និង​មាន​លក្ខណៈ​ព្យាបាទ​។​

​ទីភ្នាក់ងារ​ព័ត៌មាន VNA ក៏បាន​បន្ថែមថា​ក្រសួង​ក៏បាន​បង្ហាញ​អត្តសញ្ញាណ​វីដេអូ​របស់ YouTube ប្រមាណ​៥៥០០០ វីដេអូ​ដែលមាន​លក្ខណៈ​គ្រោះថ្នាក់​ឬ​បំពាន​ច្បាប់​របស់​ប្រទេស​វៀតណាម​។​ក្នុងចំណោម​វីដេអូ​ទាំងនោះ​មាន​៨​ពាន់​វីដេអូ​ដែល​ត្រូវបាន​លុបចេញ​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​វៀតណាម​៕REUTERS

​ដោយ ៖ តរុណី​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114