ព័ត៍មានទាន់​ហេតុការណ៏
Search

ដើម្បី​ជា​ការ​ព្រមាន​, ម៉ូតូ​ចំនួន​៣៥​គ្រឿង​របស់​អ្នក​ញៀន​ល្បែង​ស៊ីសង ​មិន​ត្រូវ​បាន​ប្រគល់​ឲ្យ​​ម្ចាស់​វិញ

ភ្នំពេញ​ ៖ ​ម៉ូតូ​គ្រប់​ម៉ាក​ចំនួន​៣៥​គ្រឿង​ ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​រឹបអូស​ពី​អ្នកលេង​ល្បែងភ្នាល់​បញ្ជល់​មាន់​តាម​អន​ឡាញ​កន្លងមក ​មិនត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ទេ​ ព្រោះ​ជា​ការ​ព្រមាន។

តាម​ប្រភព​ពី​មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​នេះ​ថា ​ម៉ូតូ​ចំនួន​៣៥​គ្រឿង​ដែល​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​រឹបអូស​ពី​អ្នកលេង​ល្បែងភ្នាល់​បញ្ជល់​មាន់​តាម​អន​ឡាញ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែឧសភា​កន្លងមក​គឺ​មកដល់​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា​នេះ​គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ មិនទាន់​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ​ឡើយ​ ព្រោះ​ជា​ការ​ព្រមាន​ដើម្បី​ឲ្យ​ម្ចាស់​រាងចាល​។​

មន្ត្រី​សាលាខណ្ឌ​បាន​បញ្ជាក់ថា ​ការបង្ក្រាប​នេះ​គឺ​ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​៧៨​ ផ្លូវ​៣៥៧ ​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ហើយ​ក្នុង​ថ្ងៃ​បង្ក្រាប​នោះ​គឺមាន​ការ​អនុញាត​ពី​លោក​តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញា​រង​អម​សាលា​រាជធានី​ភ្នំពេញ​និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ចេង មុនី​រ៉ា​ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​។​

​គួរ​បញ្ជាក់​ថា ​រាល់​ទីតាំង​បើក​ល្បែង​ស៊ី​សង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​មិន​អនុញាត​ឲ្យ​កើតមាន​ឡើយ​ ​ហើយ​បើ​រកឃើញ​គឺ​លោក​អភិបាលខណ្ឌ​មិន​ពន្យារ​ពេល​ឡើយ​ ដោយ​បង្ក្រាប​ភ្លាមៗ​ដើម្បី​កុំ​ឲ្យ​កើតមាន​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានការ​ថ្នាំងថ្នាក់​ឡើយ​។​ ពិសេស​ប៉ះពាល់​ដល់​ការអនុវត្ត​​ផែនការ​ភូមិ​សង្កាត់​មាន​សុ​វត្ថ​ភាព៕

ដោយ ៖ ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114