ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ផែង វណ្ណៈ សម្តែង​ការសោកស្តាយ​ចំពោះ​កំហុស​របស់ខ្លួន និង​សុំ​ការខន្តី​អភ័យទោស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

​ភ្នំពេញ ​៖ លោក ផែង វណ្ណៈ ដែល​ត្រូវបាន​ចាប់ និង​ឃុំខ្លួន តាម​បណ្តឹង​ព្រហ្មទណ្ឌ ដែល​ប្តឹង​ដោយ​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​កំហុស​របស់ខ្លួន​នាពេល​កន្លងមក ហើយ​លោក​ក៏បាន​សុំ​ការខន្តី​អភ័យទោស​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផងដែរ ដើម្បី​បានចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ និង​ព្យាបាល​ជំងឺ នេះ​បើតាម​លិខិត​របស់លោក ផែង វណ្ណៈ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩។​

​លិខិត​របស់លោក ផែង វណ្ណៈ បាន​រៀបរាប់ថា “​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់ និង​ក្រុមគ្រួសារ ខ្ញុំបាទ​មានការ​សោកស្តាយ​ជា​ពន់ពេក នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ​នាពេល​កន្លងមក និង​សុំ​ការខន្តី​អភ័យទោស​ពីស​ម្តេច​តេ​ជោ នូវ​អ្វីដែល​ខ្ញុំបាទ​បាន​សរសេរ​ព័ត៌មាន ប្រៀបធៀប​មិន​សមរម្យ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​”​។ លោក​បន្តថា “​ទង្វើ​ដ៏​ឆ្គាំឆ្គង​នេះ​ កើតឡើង​ដោយសារ ខ្ញុំ​មានការ​ភ្លេចខ្លួន​មាន​អារម្មណ៍​ឆេវឆាវ ខ្វះ​ការពិចារណា ច្រឡោត ខឹងសម្បា ទៅលើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដោយ​មិន​បានគិត​វែងឆ្ងាយ ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ល្អ​ប្រពៃ នៃ​ប្រជាជន​កម្ពុជា​។ ទន្ទឹមនេះ​ខ្ញុំបាទ ក៏​សុំ​ការ​អភ័យទោស​ផងដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បងប្អូន​មួយចំនួន​នាពេល​កន្លងមក ដែល​ខ្ញុំ​ធ្លាប់បាន​រិះគន់ ដោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ផ្ទាល់ខ្លួន​របស់​ថ្នាក់ដឹកនាំ និង​បងប្អូន​មួយចំនួន​”​។​

​លោក ផែង វណ្ណៈ បញ្ជាក់ថា “​ខ្ញុំបាទ​ចងចាំ​នូវ​កំហុសឆ្គង​កន្លងមកនេះ ដោយ​សន្យាថា នឹងធ្វើ​ការកែប្រែ​អត្តចរិត ពាក្យសម្តី​របស់ខ្លួន និង​មិន​ឲ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ជាថ្មី​ម្តងទៀត​។ សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សម្ដេច​តេ​ជោ មេត្តា​យោគយល់ សណ្ដោស​ប្រណី​នូវ​កំហុស​របស់​ខ្ញុំបាទ ដើម្បីឱ្យ​ខ្ញុំបាទ​ឆាប់​បាន​ជួបជុំ​គ្រួសារ ព្រមទាំង​ឆាប់​បាន​ទៅ​បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់ខ្ញុំ​បាទ​ដោយ​ក្តី​អនុគ្រោះ​បំផុត​”​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ខែមិថុនា ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​មួយរូប ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្តឹង​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ តុលាការ​បានសម្រេច​ចោទប្រកាន់​លោក ផែង វណ្ណៈ ចំនួន​២​បទល្មើស គឺ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​ការជាប់​ពន្ធនាគារ​រ​ហូត​ដល់​២​ឆ្នាំ​។ បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​ពី​៦ ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។ ចំណែក​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១០​លាន​រៀល​។​

​លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកណ្តាល ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ តាម​ដីកា​របស់​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចូលខ្លួន ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​ការចេញ​ដីកា​ពី​សំណាក់​ព្រះរាជអាជ្ញា ចាប់​ឃាត់ខ្លួន​លោក ផែង វណ្ណៈ ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក ផែង វណ្ណៈ ពីបទ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ផ្សព្វផ្សាយ​ដល់​សាធារណជន គោលបំណង​បរិហារកេរ្តិ៍ ជា​សាធារណៈ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​មេធាវី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក ផែង វណ្ណៈ ពីបទ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ផ្សព្វផ្សាយ​ដល់​សាធារណជន គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់លោក គី តិច បាន​បញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើ​សំណេរ​ផ្សព្វផ្សាយ​តាម​ទំព័រ (Page Facebook របស់ខ្លួន​ថា “​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាងអោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ខំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច លោក យិន វ៉ិ​ច មិនមែនជា​ជនបង្ករ​ទេ កូន​ទេ ដែល​បង្ក​ត្រូវ​ចែកគ្នា​អោយដាច់​រវាង​ម្ចាស់​រថយន្ត និង​ជនបង្ក។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយ​ថ្នាក់ដឹកនាំ​នាំយក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ​ម្តេច លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុសគ្នា​ដូចម្តេចខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?”​។​

​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា សំណេរ​នេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង​ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។ សំណេរ​នេះ​ឈ្មោះ ផែង វណ្ណៈ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ (Page) Facebook របស់ខ្លួន ក្នុង​បំណង​ឲ្យ​សាធារណជន (Friends) មានការ​ភាន់ច្រឡំ ជឿជាក់ និង​ទម្លាក់កំហុស​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏​ជា​ចេតនា​ទុច្ចរិត ដែលមាន​ចរិត​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ជាក់ស្តែង​សាធារណជន​ដែលជា (Friends) បាន​បញ្ចេញ​ជា​ទស្សនៈ យោបល់ (Comment) ជាច្រើន ដោយមាន​ការភាន់ច្រឡំ និង​សំដៅ​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា​ជា ឃាតក​​សម្លាប់ លោក​បណ្ឌិត កែម ឡី​។​

​ជាមួយគ្នា​នោះ លោក គី តិច សំណូមពរ​ចំពោះ​លោក​ព្រះរាជអាជ្ញា ធ្វើការ​ពិនិត្យ​សម្រេច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114