ព័ត៍មានទាន់​ហេតុការណ៏
Search

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖ កម្ពុជា​បានកំណត់​យក​សន្តិភាព និង​ស្ថិរ​ភាព​ជា​សរសរស្តម​ចំបង

សិង្ហ​បុរី ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បញ្ជាក់​បែបនេះ ខណៈ​លោក​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហេង ស្វ៊ី​គាត (Heng Swee Keat) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នេះ​ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​នៅក្នុង​ជំនួប​នេះ ឯកឧត្តម ហេង ស្វ៊ី​គាត បាន​សម្តែង​ការអបអរសាទរ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ការ​គាំទ្រ​ដ៏​លើសលប់​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងទៅ​។ ឯកឧត្តម​ក៏បាន​បញ្ជាក់​ផងដែរ​ថា មានតែ​សន្តិភាព និង​ស្ថិរភាព​ទេ ដែល​អាច​ផ្តល់ឱកាស​ឱ្យ​ប្រជាជាតិ​អាស៊ាន និង​សហគមន៍​អាស៊ាន មានការ​រីកចំរើន និង​អភិវឌ្ឍ​បន្តទៀត​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ប្រទេស​កម្ពុជា​បានកំណត់​យក​សន្តិភាព និង​ស្ថិរ​ភាពជា​សរសរស្តម​ចំបង ពីព្រោះថា បើ​អស្ថិរភាព និង​អសន្តិសុខ​នោះ ការអភិវឌ្ឍ វិបុលភាព ការរីក​ចម្រើន​ទាំង​ក្នុងប្រទេស និង​តំបន់ ក៏​គ្មាន​ដែរ​។ ជាក់ស្តែង ដោយសារ​មាន​សន្តិភាព និង​ស្ថិរភាព​រយៈពេល ២០​ឆ្នាំ ចុងក្រោយ​នេះ ទើប​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូចនេះ​ក្នុង​តំបន់​អាស៊ាន សន្តិភាព និង​ស្ថិរភាព ជា​កត្តា​ជំរុញ​តំបន់​នេះ​ឱ្យ​បន្ត​ការអភិវឌ្ឍ និង​រីកចំរើន​។ ផ្ទុយទៅវិញ​ការ​ជំរុញ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យធ្វើ​ការជ្រើសរើស​ភាគី​ម្ខាងៗ នឹង​នាំឱ្យ​តំបន់​អាស៊ាន​វិល​ទៅរក​ស្ថានភាព​ដូច​សម័យ​សង្គ្រាមត្រជាក់៕

ដោយ ​៖ ​សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114