ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​សម្លាប់​បាន​ម្នាក់ទៀត កំពុង​លាក់ខ្លួន​នៅ​ខេត្ត​កំពង់ធំ

បាត់ដំបង ​៖ ​បក្ខពួក​របស់​ឃាតក​ប្លន់​សម្លាប់​នៅ​ស្រុក​មោងឬស្សី​ម្នាក់ទៀត​ ដែល​បានគេច​ខ្លួន​ទៅ​សំងំ​នៅក្នុង​ខេត្តកំពង់ធំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន បន្ទាប់ពី​មុខសញ្ញា​សង្ស័យ​ចំនួន​២ នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ។​

គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩ មាន​ករណី​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ដែល​ពាក់ព័ន្ធ នឹង​ការ​ប្លន់​សម្លាប់​ដើម្បី​យក​ទ្រព្យសម្បត្តិ នៅ​ចំណុច​ស្រះ​ទឹក​មួយកន្លែង​ក្នុងភូមិ​សាស្ត្រ ព្រៃ​ពពេល ក្នុងភូមិ​រកា​ឈ្មោល ឃុំ​គារ​ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​ឃាតក​បាន​យក​សព​ទៅ​បោះ​ចូលក្នុង​ស្រះ​ទឹក ដើម្បី​បំបាត់ភស្តុតាង។​

ទីបំផុត​ដោយ​ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ចំនួន ២ នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ដើម្បី​នាំយកទៅ​សាកសួរ អំពី​ដើមចម​នៃ​ការ​ប្លន់​សម្លាប់​ទៅលើ​មិត្តភក្ដិ​ខ្លួនឯង ដោយ​ក្នុងនោះ​ជនសង្ស័យ​បាន​នាំយកទៅ​ជាមួយ​នូវ​ម៉ូតូ ១ គ្រឿង និង ទូរស័ព្ទដៃ​ចំនួន ២ គ្រឿង។​

យោងតាម​ការសារភាព​របស់​ជនសង្ស័យ​គឺ​បាន​អះអាងថា ពួកគេ​នៅមាន​បក្ខពួក​ម្នាក់ទៀត ដែល​កំពុង​គេចខ្លួន​ចេញពី​លំនៅដ្ឋាន ។ បន្ទាប់ពី​បាន​ស្រាវជ្រាវ​អស់​មួយរយៈ​រួចមក នៅ​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង ៨ និង ២០ នាទី យប់ សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​ចុះ​អនុវត្ត​ដី​កា​របស់​តុលាការ លេខ ២៦ អ​.​យ ចុះ ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ របស់​តំណាង​អយ្យការ គឺ ប៊ុណ្ណា​រ៉ា នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បាន​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​”​ប្លន់​សម្លាប់​” ។ ដីកា​បាន​បញ្ជា​ទៅលើ​ឈ្មោះ យួ​ម យឿ​ត ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​កម្លាំង​ចុះទៅ​នោះ​គឺមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង ជេ​ត វណ្ណ​នី​ លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ទទួល​ការងារ​ផ្នែក​អនុវត្ត​ដីកា និង លោក ស គឹម​ឡុង អធិការ​នគរបាល​ស្រុក​មោងឫស្សី រួម​នឹង​កម្លាំង​មួយចំនួន បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ធំ ពិសេស​គឺ​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​ស្ទឹងសែន ប្រតិបត្តិការ​ទៅកាន់ ចំណុច​ភូមិ​ពោធិ៍​ខាវ ឃុំ​ត្បូង​ក្រ​ពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ។

ជា​លទ្ធផល​គឺ​ជនសង្ស័យ​កំពង់​លាក់ខ្លួន​នៅ​នឹង​ផ្ទះ អតីត ប្រពន្ធចុង ដែល​កំពុង​លក់​ចាប់ហួយ​នៅ​ទីនោះ ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​តែម្តង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114